(កំពង់ធំ)៖ ប្រហិតសាច់មាន់ ហកដក ប្រហិតសាច់ក្រក ខូចគុណភាព ត្រូវបានរកឃើញក្រុមអាជីវករ យកដាក់លក់នៅផ្សារតាំងក្រសាំង ដែលផលិតទាំងនេះ ធ្វើឲ្យប៉ះពាល់ សុខភាពយ៉ាងខ្លាំង តែត្រូវបានមន្រ្តីសាខាកាំកុង ត្រូលខេត្តកំពង់ធំ ចុះទៅប្រមូលយក ទៅដុតកម្ទេចចោល។
ការរកឃើញប្រហិតសាច់មាន់ ហកដក ប្រហិតសាច់ក្រកទាំងនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅពេលកាំកុងត្រូលសាខាខេត្តកំពង់ធំ ដឹកនាំដោយលោក លៀង សុភា ប្រធានសាខា សហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារតាំងក្រសាំង ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផលខូចគុណភាពដូចជា ហកដក ម៉ាក Super ទម្ងន់៣ Kg ផលិតនៅប្រទេសកម្ពុជា ប្រហិតសាច់មាន់ ម៉ាក AFM មួយកញ្ចប់ ផលិតនៅប្រទេសថៃ និងប្រហិតសាច់ក្រក ម៉ាក CP មួយកញ្ចប់ ផលិតនៅកម្ពុជា បានធ្វើកំណត់ហេតុដកហូត ទុកដុត កំទេចចោល។
ជាមួយគ្នានោះ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។
ទន្ទឹមនឹងនេះ លោកប្រធានសាខា បានណែនាំដល់អាជីវករ ឲ្យចៀសវៀងពីការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព៕