(ស្ទឹងត្រែង)៖ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បានរៀបចំវេទិការផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរផ្សារភ្ជាប់និងការអប់រំយុវជន ក្រោមប្រធានបទ «យុវវ័យ និងប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលបំណងឲ្យមជ្ឈដ្ឋានទូទៅបានជ្រួតជ្រាបផងដែរ»។
វេទិការធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីលោកស្រី កែវ សាវឿន ប្រធានគណៈកម្មាធិកាខេត្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខែ្មរ និងជាអភិបាលរង នៃគណៈអភិបាលខេត្ត និងលោកស្រី កុត ប៊ុនមី អនុប្រធានគណៈកម្មាធិកាខេត្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខែ្មរ និងជាសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោកស្រី សន សុខា បានឲ្យដឹងថា ពាក់ព័ន្ធនិងការផ្សព្វផ្សាយសីលធម៌សង្គមកន្លងមកនេះ គណៈកម្មាធិកាខេត្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខែ្មរបានអនុវត្តការងារយ៉ាងសកម្ម ទៅលើសកម្មភាពអប់រំ ផ្សព្វផ្សាយក្នុងគោលបំណងឲ្យមជ្ឈដ្ឋានទូទៅបានជ្រួតជ្រាបផងដែរ។
លោកស្រីបន្ថែមថា កន្លងមកក្រុមការងារធ្លាប់រៀបចំជាវេទិការសំណួរចម្លើយតាមបណ្តាភូមិ-ឃុំ អនុវិទ្យាល័យ និងវិទ្យាល័យពាក់ព័ន្ធនិងសីលធម៌សង្គម និងតម្លៃស្ត្រីនេះ ហើយជាលទ្ធផលបង្ហាញថា បញ្ហាប្រឈមជាច្រើននៅតែបន្តកើតមានឡើងតាមរយៈឥរិយាបទ អាកប្បកិរិយា ទង្វើមិនថ្លៃថ្នូរបស់មនុស្សក្នុងសង្គម តាមរយៈការស្លៀកពាក់ខើចមុខខើចក្រោយ ប្រព័ន្ធអេឡិចត្រូនិចព័ត៌មានវិទ្យា រូបអាសភាស ជាទម្រង់នៃអំពើអសីលធម៌ ធ្វើឲ្យប៉ះពាល់លើភាពថ្លៃថ្នូរបស់ប្រពៃណីខ្មែរហើយអាចបង្ករជាអំពើហិង្សាទៅលើស្ត្រីនិងកុមារ។
លោកស្រី កែវ សាវឿន បានថ្លែងផងដែរថា បញ្ហាសីលធម៌សង្គមក៏ពាក់ព័ន្ធនិងបច្ចេកវិទ្យាទំនើបផងដែរ ជាក់ស្តែងយុវវ័យភាគច្រើនបានយកមធ្យោបាយព័ត៌មានវិទ្យាជាទុនក្នុងការទំនាក់ទំនង ស្វែងរកព័ត៌មាន និងចំណេះដឹងថ្មីៗ ប៉ុន្តែប្រសិនបើពួកគេយកទៅប្រើប្រាស់ក្នុងខុសឆ្គងណាមួយដោយទុច្ចរិក បង្កឲ្យមានអសីលធម៌នៅតាមបណ្តាញសង្គម និងប្រព័ន្ធអ៊ីនធឺណែត គឺជាប្រភពមួយជំរុញឲ្យមានការចាប់រំលោភសេពសន្ថវៈ អំពើហិង្សា និងការជួញដូរមនុស្ស ឆក់ ប្លន់ជាដើម។
លោកស្រីអភិបាលរងខេត្តបន្តថា ត្រូវជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំប្រឹងផ្សព្វផ្សាយ អប់រំស្តីពី ការលើកកម្ពស់សីលធម៏សង្គម តម្លៃស្ត្រី និងគ្រួសារខែ្មរជាបន្តទៀត ដើម្បីឲ្យសង្គមកម្ពុជាក្លាយជាសង្គមដែលមានភាពថ្លៃថ្នូ និងលុបបំបាត់បាននូវរាល់បញ្ហាអសីលធម៌ដែលអាចកើតមានឡើង។
ជាមួយគ្នានេះ លោកស្រី ក៏បានកោតសរសើចំពោះមន្ទីរកិច្ចការនារីខេត្តដែលមានកិច្ចសហការល្អជាមួយ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ទីរអបរំ យុវជន និងកីឡា ដែលបានជំរុញឲ្យក្មេងស្រី ទទួលបានឱកាស ក្នុងការសិក្សាខ្ពង់ខ្ពស់ដូចក្មេងប្រុស ជាពិសេសសអប់រំ បណ្តុះនូវចំណេះដឹង ជំនាញ សមត្ថភាព សេចក្តីថ្លៃថ្នូ ឥរិយាបទល្អ ជំរុញឲ្យយុវវ័យស្រលាញ់ និងការពារអត្តសញ្ញាណ វប្បធម៌ជាតិ៕