(កំពង់ស្ពឺ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានណែនាំឲ្យរដ្ឋបាលព្រៃឈើ ត្រូវជំរុញការចុះបញ្ជីសហគមន៍ព្រៃឈើឲ្យបានច្រើនថែមទៀត ប្រយោជន៍ដើម្បីគ្រប់គ្រង និងការពារព្រៃឈើឲ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានជំរុញឲ្យរដ្ឋបាលព្រៃឈើ ត្រូវធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីព្រៃឈើសហគមន៍ឲ្យបានត្រឹមត្រូវ ចៀសវាងការកាប់ព្រៃទន្រ្ទានកាន់កាប់ដីព្រៃឈើ សហគមន៍ដោយខុសច្បាប់។
ការណែនាំនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី វេង សាខុន និងលោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញមកជួបសំណេះសំណាលជាមួយ ប្រជាសហគមន៍ព្រៃឈើប្រាំបីមុម ស្ថិតនៅឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ប្រមាណជាង ៣០០នាក់ ។ ពិធីនេះមានគោលបំណងព្យាយាមផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរ និងស្វែងយល់ឲ្យបានស៊ីជម្រៅអំពីសុខទុក្ខ បញ្ហាប្រចាំថ្ងៃ តម្រូវការ សំណើ ឬសំណូមពរ និងដោះស្រាយបញ្ហាទាំងនោះ ជូនសហគមន៍ព្រៃឈើជាបណ្តើរៗតាមការចាំបាច់។
លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺបានឲ្យដឹងថា ខេត្តកំពង់ស្ពឺមានសហគមន៍ព្រៃឈើចំនួន៥០សហគមន៍ ក្នុងនោះ ៣៤ សហគមន៍បានចុះបញ្ជីនៅក្រសួង គ្របដណ្តប់លើផ្ទៃដី១៣ ៧៤៥ ហិកតា ស្ថិតនៅក្នុង៦ស្រុក។ ដោយឡែកស្រុកថ្ពង មានសហគមន៍ព្រៃឈើចំនួន៣ រួមទាំងសហគមន៍ប្រាំបីមុមផងដែរ គ្របដណ្តាប់លើផ្ទៃដីព្រៃទំហំ ៩៣៧ហិកតា មានសមាជិកសរុបហើយបានចុះបញ្ជីក្រសួងនៅឆ្នាំ២០១៨។
លោកបន្តថា ប្រជាសហគមន៍ព្រៃឈើប្រាំបីមុម ភាគច្រើនប្រកបរបរកសិកម្មជាចំបង និងរុករកផល និងអនុផលព្រៃឈើ នៅលើផ្ទៃដីជាង ៩៣៧ហិកតា គ្របដណ្តប់ដោយឈើចម្រុះពូជ ដែលផ្តល់ប្រយោជន៍សម្រាប់ជីវិតរស់នៅ របស់ប្រជាសហគមន៍ ដែលពឹងអាស្រ័យមួយផ្នែក លើធនធានធម្មជាតិដ៏មានតម្លៃនេះ។
លោករដ្ឋមន្ត្រី វេង សាខុន និងឧកញ៉ា លី យ៉ុងផាត់ បានធ្វើការសំណេះសំណាលជាមួយប្រជាសហគមន៍ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចប្រធានរដ្ឋសភា ស្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំកំពូលមួយចំនួនទៀត មកជូនប្រជាសហគមន៍ទាំងអស់ ហើយសម្តេចបានជូនពរឲ្យជួបតែសេចក្តីសុខ ចម្រើន និងមានសុភមង្គលគ្រប់ៗគ្រួសារ។
លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ប្រជាសហគមន៍ ដែលបានខិតខំរួមគ្នាបង្កើតសហគមន៍ព្រៃឈើនេះ ឡើងបំណងថែរក្សា អភិរក្ស និងអភិវឌ្ឍព្រៃឈើ ដែលជាសម្បត្តិធម្មជាតិឲ្យបានគង់វង្ស។
លោរដ្ឋមន្ត្រី វេង សាខុន បានជម្រាបបងប្អូនសហគមន៍ព្រៃឈើថា រាជរដ្ឋាភិបាលបានចាត់ទុកការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យព្រៃឈើដោយចីរភាពថា ជាអាទិភាពមួយសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ របស់ប្រជាសហគមន៍នៅជនបទ ក៏ដូចជារក្សាតុល្យភាពជីវចម្រុះក្នុងធម្មជាតិ និងជាពិសេសចូលរួមដោះ ស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ហេតុនេះ រដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី និងប្រជាសហគមន៍ ត្រូវសហការឧបត្ថម្ភគាំទ្រលើការគ្រប់គ្រង ការការពារ ការអភិរក្ស និងការអភិវឌ្ឍសហគមន៍ព្រៃឈើទូទាំងប្រទេស ឲ្យមានការរីកចម្រើន តាមរយ:ការបង្កើតមុខរបរថ្មីៗ សមស្របតាមស្ថានភាពភូមិសាស្រ្ត និងក្សេត្របរិស្ថានរបស់តំបន់នីមួយៗ ដូចជាការចិញ្ចឹមសត្វ (មាន់ គោ ពពែ និងឃ្មុំ) ចិញ្ចឹមត្រី និងដាំដំណាំដែលផ្តល់ផលក្នុងរយ:ពេលខ្លី និងពេលវែងដូចជាឫស្សីជាដើម។
លោករដ្ឋមន្ត្រីបន្តថា ក្រៅពីការងារកសិកម្ម សហគមន៍ព្រៃ ឈើគួរសិក្សាពីលទ្ធភាពបង្កើតតំបន់អេកូទេសចរណ៍ ដោយគួរសហការជាមួយដៃគូអភិវឌ្ឍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើតចំណូលបន្ថែមសម្រាប់គ្រួសារ កែលម្អកម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ ដោយឡែករដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវចុះមកជួយបណ្តុះបណ្តាល ការងារបច្ចេកទេសកសិកម្មថ្មីៗបន្ថែមទៀត រួមទាំងការងារគ្រប់គ្រងទូទៅទាំងព្រៃឈើ ការងាររដ្ឋបាល ការងារឥណទាន និងការអភិវឌ្ឍសហគមន៍ ដើម្បីរក្សានិរន្តរភាពនៃការអភិរក្ស និងការអភិវឌ្ឍន៍ ជាពិសេសប្រយោជន៍ទាញយកផលពីព្រៃធម្មជាតិនេះឲ្យអស់សក្តានុពល។
លោករដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ខិតខំស្វែងរកគម្រោងមកជួយអភិវឌ្ឍសហគមន៍ព្រៃឈើប្រាំបីមុម ធ្វើយ៉ាងណាកែប្រែមុខមាត់ កែប្រែជីវភាព រក្សាបាននូវនិរន្តរភាពនៃការអភិរក្ស និងការអភិវឌ្ឍន៍ព្រៃឈើទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
ដើម្បីជួលសម្រួលនូវរាល់បញ្ហា ដែលជាឧបសគ្គក្នុងការអភិវឌ្ឍន៍សហគមន៍ព្រៃឈើប្រាំបីមុម លោករដ្ឋមន្ត្រី វេង សាខុន លោកឧកញ៉ា លី យ៉ុងផាត់ និងរដ្ឋបាលព្រៃឈើ បានជួយឧបត្ថម្ភអគាររដ្ឋបាល០១ខ្នង ឡានទឹកសម្រាប់ពន្លត់ភ្លើងឆេះព្រៃ បន្ទប់ទឹក ឧបករណ៍វាស់ដី (GPS) សម្លៀកបំពាក់សម្រាប់ដើរល្បាតព្រៃ បំពាក់សូឡាបូមទឹក និងឧបត្ថម្ភសហគមន៍ ២លានរៀល។ ដោយឡែកសម្រាប់ប្រជាសហគមន៍ដែលបានអញ្ជើញមកចូលរួមម្នាក់ៗបានទទួលប្រាក់ចំនួន ២ម៉ឺនរៀលផងដែរ៕