(ភ្នំពេញ)៖ ក្នុងគោលបំណងអនុវត្តន៍យន្តការច្បាប់ឲ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសណ្តាប់សង្គមក្នុងយុគសម័យប្រទេសជាតិ កំពុងតែមានសុខសន្តភាពនិងការអភិវឌ្ឍន៍ ដំណើរការត្រួតពិនិត្យពង្រឹងលើការអនុវត្តន៍ច្បាប់ និងវិធានលើដំណោះស្រាយវិវាទនានា គឺជាការចាំបាច់ណាស់ដែលសមត្ថកិច្ចជំនាញ គ្រប់ស្ថាប័ន-អង្គភាព ត្រូវចូលរួមអនុវត្តន៍ឲ្យមានប្រសិទ្ធិភាព។
ដើម្បីឆ្លើយតបនូវវិធាននេះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំដោយបានអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់ នៃនគបាលយុត្តធម៌មកពីក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលតាមខណ្ឌ មន្ត្រីកងរាជអាវុធហត្តរាជធានី-ខណ្ឌ ក្រោមប្រធានបទ «ការពង្រឹងការអនុវត្តន៍ច្បាប់ និងដោះស្រាយបញ្ហាប្រឈមនានា» ជាពិសេសលើបទល្មើសគ្រឿងញៀន ដែលជាបញ្ហាកំពុងប្រឈមនាពេលបច្ចុប្បន្ន។
វត្តមានជាវាគ្មិនអធិបតីនៅក្នុងកិច្ចប្រជុំនេះខាងតំណាងតុលាការមានលោក ហម ម៉េងសែ អនុប្រធានតុលាការ, លោក កែវ សុធា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិ និងមន្ត្រីនគបាលយុត្តិធម៌ជាន់ខ្ពស់ជាច្រើនរូបទៀតមកពីរាជធានី-ខណ្ឌ។
កិច្ចប្រជុំនេះ បានផ្តោតជាចម្បងលើបញ្ហាគ្រឿងញៀនកំពុងលុកលុយ ដែលជាបញ្ហាកំពុងប្រឈមនិងស្មុគស្មាញ។
ខ្លឹមសាររួមដែលបានលើកក្នុងកិច្ចប្រជុំរវាងវិស័យតុលាការ និងនគបាលយុត្តិធម៌ ស្តីពី «ដំណើរការត្រួតពិនិត្យពង្រឹងលើការអនុវត្តន៍ច្បាប់ និងវិធានលើដំណោះស្រាយវិវាទនានា» នៅព្រឹកនេះ ត្រូវបានអង្គប្រជុំសម្រេចដាក់ចេញជាទិសដៅចំពោះមុខ ដើម្បីចាប់ផ្តើមអនុត្តន៍នៅពេលខាងមុខ ដើម្បីរក្សារសន្តិសុខ និងសណ្តាប់សង្គមឲ្យកាន់តែប្រសើរឡើង ជាពិសេសបទល្មើសគ្រឿងញៀន៕