(កណ្ដាល)៖ យុវជនម្នាក់ដែលញៀនថ្នាំតែងតែរករឿង បំផ្លាញទ្រព្យសម្បត្តិ ធ្វើបាបម្ដាយ និងអ្នកផ្ទះមិនឈប់រាល់ថ្ងៃពេក ដោយទ្រាំមិនបាន ម្ដាយបានទៅប្ដឹងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

សេចក្ដីរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង១៣៖៣០នាទី ចំណុចផ្ទះជនរងគ្រោះភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យដែលជាអ្នកប្រើប្រាស់ថ្នាំញៀន បានអុកឡុកក្នុងគ្រួសារ និងវាយបំផ្លិចបំផ្លាញទ្រព្យក្នុងផ្ទះ ហើយជេរប្រមាថ និងគំរាមសម្លាប់ម្តាយ ព្រមទាំងប្រពន្ធកូន។ ដោយទ្រាំមិនបាន ម្ដាយក៏បានទៅប្ដឹងនគរបាលធ្វើការចាប់ខ្លួនតែម្ដង។

ស្រ្តីជាម្តាយ សុន ម៉ុន អាយុ៥៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុមុខរបរលក់ដូរ រីឯជនសង្ស័យត្រូវជាកូនឈ្មោះ ថន ស៊ីថា អាយុ២៤ឆ្នាំ។

ជនសង្ស័យបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕