(ភ្នំពេញ)៖ ហត្ថាកសិករ លីមីតធីត ដែលគេស្គាល់ថា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា បានប្រកាសពីការពង្រីកអាជីវកម្មរបស់ខ្លួន ចាប់យកទីផ្សារសេវាកម្ចីបង់រំលស់ និងកម្ចីផ្ទាល់ខ្លួន។
ការប្រកាសនេះ បានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានក្រោមប្រធានបទ «កាន់តែសាមញ្ញ កាន់តែឡូយ» ដែលបានប្រព្រឹត្តិទៅនៅបរិវេណរោងភាពយន្ត Major Cineplex នៃផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (អ៊ីអន១) ដោយមានការអញ្ជើញចូលរួម ពីគណៈគ្រប់គ្រងហត្ថាកសិករ លីមីតធីត ដៃគូអាជីវកម្ម ព្រមទាំងអ្នកសារព័ត៌មាន ដែលមានគ្នាសរុបប្រមាណជាង៧០នាក់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
ការដាក់ឲ្យប្រើប្រាស់សេវាកម្ចីបង់រំលស់ និងកម្ចីផ្ទាល់ខ្លួននេះ សបញ្ជាក់ឲ្យឃើញនូវមហិច្ចតាដ៏ធំមួយទៀត របស់ហត្ថាកសិករក្នុងការបោះជំហានក្តោបយកទីផ្សារ ដែលមានបរិយាកាសប្រកួតប្រជែងខ្ពស់ ជាមួយនឹងការផ្តល់ភាពងាយស្រួល ព្រមទាំងដំណោះស្រាយល្អ និងមានប្រសិទ្ធភាពជូនអតិថិជន។
លោក Wanchairabin Jitwattanatam (Eddy) អនុប្រធានអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានថ្លែងថា «ហត្ថាកសិករ សម្លឹងមើលឃើញទីផ្សារ ដែលកំពុងលូតលាស់នេះ ហើយបង្កើតឲ្យមានសេវាកម្ចីបង់រំលស់ និងកម្ចីផ្ទាល់ខ្លួននេះឡើង គឺដើម្បីបំពេញតាមតម្រូវការ និងការចង់បានរបស់អតិថិជន ដែលមានការផ្លាស់ប្តូរទៅតាមសម័យកាល និងបច្ចេកវិទ្យា»។
លោកបានបន្តថា b។
លោកបានបន្ថែមថា «បច្ចុប្បន្នហត្ថាកសិករបានដាក់លក់រួចមកហើយ នូវសេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន ចំនួន២ប្រភេទគឺផលិតផលកាតគ្រី និងផលិតផលបង់រំលស់ (Hattha First Choice) ហើយយើងនឹងមានសេវាកម្ចីសម្រាប់ទិញយានយន្តបង់រំលស់ចាប់ពីខែមករា ឆ្នាំ២០២០នេះតទៅ»។
លោក ឡេង វ៉ាន់ឌី នាយកគ្រប់គ្រងគម្រោង ទទួលបន្ទុកផ្នែកអភិវឌ្ឍផលិតផលនិងបណ្តាញ បានធ្វើបទបង្ហាញពីសេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួនដោយបានលើកយកចំណុចសំខាន់ៗ ដែលលោកជឿជាក់ថា ផលិតផលនេះ នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជនដូចជា ដំណើរការស្នើសុំឥណទានមានភាពសាមញ្ញងាយស្រួល អត្រាការប្រាក់សមរម្យ មានភាពប្រកួតប្រជែងនិងមានតម្លាភាព មិនតម្រូវឲ្យមានឯកសារស្មុគស្មាញ ហើយជាពិសេសសេវាកម្មរហ័សទាន់ចិត្ត។
លោកបានបញ្ជាក់បន្ថែមថា «ផលិតផលបង់រំលស់ (Hattha First Choice) ត្រូវបានដាក់ឲ្យប្រើប្រាស់សាកល្បងរយៈពេល៥ខែ រួចមកហើយក្នុងរាជធានីភ្នំពេញ ដោយទទួលបានពាក្យស្នើសុំជាច្រើន ពីអតិថិជន នៅតាមបណ្តាទីតាំងអាជីវកម្ម និងក្រុមហ៊ុននានាដែលជាដៃគូសហការរបស់ហត្ថាកសិករ ដែលមានជិត១០០ដៃគូសហការក្នុងរាជធានីភ្នំពេញ។ ហើយយើងមានគម្រោងផ្តល់សេវាកម្ចីបង់រំលស់ និងកម្ចីផ្ទាល់ខ្លួន ដូចជា ឥណទានកាតគ្រី ឥណទានហត្ថា First Choice និងឥណទានយានយន្តហត្ថា ទៅកាន់បណ្តាខេត្តធំៗក្នុងឆ្នាំ២០២០នេះ»។
គួរម្លឹកផងដែរថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ហត្ថាកសិករមានការិយាល័យសាខាចំនួន ១៧៦ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន១២៩ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងប្រទេសកម្ពុជា។
ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេ នៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក៕