(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នាបរិវេណវិទ្យាល័យបាក់ទូក នៃរាជធានីភ្នំពេញ មានការប្រារព្ធពិធីជួបជុំដ៏ធំមួយ ដែលរៀបចំឡើងដោយក្រុម អតីតមិត្តរួមជំនាន់ នៃសាលាទូកអំឡុងឆ្នាំ១៩៨០-១៩៨៩ ក្រោមការផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងពិធីដ៏អធឹកអធមមួយនេះ គេឃើញមានវត្តមានរបស់អតីតលោកគ្រូ អ្នកគ្រូ នៃសាលាបាក់ទូក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ វិទ្យាល័បាក់ទូកបច្ចុប្បន្ន និងលោក លោកស្រី អតីតមិត្តរួមជំនាន់ ព្រមទាំងក្រុមគ្រួសារមិត្តភក្តិផ្សេងទៀតយ៉ាងច្រើនកុះករ។
នេះគឺជាលើកទី៣ហើយ ដែលក្រុមអតីតមិត្តរួមជំនាន់របស់លោក រ័ត្ន ស្រ៊ាង បានរៀបចំបង្កើតកម្មវិធីជួបជុំនេះឡើង ជាប្រចាំឆ្នាំ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា មាតាបិតា គឺជាអាចារ្យទីមួយ ដែលបានបង្រៀនកូន ឲ្យចេះនិយាយ ចេះដើរ ចេះឈរ ចេះស្លៀកពាក់ ចំណែកគ្រូបង្រៀន គឺជាអាចារ្យទី២ ដែលផ្ដល់ចំណេះដឹង ចំណេះវិជ្ជា ទៅដល់សិស្ស។
គុណូបការៈ របស់គ្រូប្រកបដោយមេត្ដា ករុណា មានព្រហ្មវិហារធម៌ចំពោះសិស្សគ្រប់ៗគ្នា មិនខុសពីមាតាបិតា ដែលមានសន្ដាន ចិត្ដទៅលើកូនឡើយ។ ដូច្នេះបន្ទាប់ពីមាតាបិតា លោកគ្រូ អ្នកគ្រូ គឺជាបុគ្គលដែលមានតម្លៃ មានគុណូបការៈដ៏ខ្ពង់ខ្ពស់គួរឲ្យ គោរពបំផុត។ លោកថា លោកគ្រូ អ្នកគ្រូ អប់រំបង្រៀនយើង មិនដែលចង់បានការតបស្នងអ្វីពីយើងវិញនោះទេ ក្រៅពីចង់ឲ្យយើងចេះ កសាងខ្លួនឲ្យបានល្អ តាំងចិត្តធ្វើជាធាតុមួយនៃសង្គមដែលមានតម្លៃ ចេះគោរពច្បាប់រដ្ឋ ច្បាប់សាលា ច្បាប់សង្គម ច្បាប់គ្រួសារ និងយកចិត្ដទុកដាក់ក្នុងការសិក្សារៀនសូត្រ ឲ្យស្មើនឹងទឹកចិត្តដែលលោកប្រឹងបង្រៀន។
លោក រ័ត្ន ស្រ៊ាង បានអះអាងថា ក្នុងអារម្មណ៍របស់គ្រូ តែងមានភាពសប្បាយរីករាយបំផុតនៅពេលឃើញសិស្សានុសិស្សរបស់លោក ខិតខំស្វែងរកវិជ្ជា កសាងចរិយាថ្លៃថ្នូរ រៀបចំមារយាទឲ្យល្អប្រពៃ បណ្ដុះស្មារតីគុណធម៌ ប្រព្រឹត្តតែអំពើជាសីលធម៌ មានអនាគតរីកចម្រើនថ្កុំថ្កើងក្នុងផ្លូវសុច្ចរិត ប្រៀបដូចជាពន្លឺដ៏សែនត្រជាក់របស់ព្រះចន្ទដែលតែងតែជាទីចូលចិត្តនៃមនុស្សសត្វទាំងពួង។
រីឯមិត្តភាព គឺជាផ្នែកដ៏សំខាន់មួយជួយឲ្យជីវិតយើងម្នាក់ៗ រស់នៅប្រកបដោយភាពស្រស់ស្រាយរីករាយ ដែលជា ឥទ្ធិពលជួយដល់សុខភាព និងសុខុមាលភាពរបស់យើងគ្រប់គ្នា។ មិត្តភ័ក្តិ គឺជាអ្នកដែលចេះជួយយកអសារ ជួយប្រឹក្សាយោបល់ នៅពេលដែលអ្នកមានអាសន្ន ជួយអបអរនៅពេលដែលអ្នកសប្បាយចិត្ត ជួយរំលែកទុក្ខ ជួយដោះស្រាយ និងគាំទ្រស្មារតីយើង ពេលដែលមានទុក្ខលំបាក។ មិត្តភ័ក្តិ គឺជាអ្នកដែលជួយឲ្យយើងបំបាត់នូវភាពឯកោ កាត់បន្ថយនូវភាពតប់ប្រមល់ និងផ្តល់នូវភាពស្និទ្ធស្នាលដល់យើង ធ្វើឲ្យយើងយល់ថា ខ្លួនឯងមានតម្លៃ។
ដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ចំពោះអតីតលោកគ្រូ អ្នកគ្រូ ក៏ដូចជាមិត្តរួមជំនាន់នេះហើយ បានធ្វើឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តួចផ្តើមគំនិត ស្វែងរកការទំនាក់ទំនងជាមួយអតីតលោកគ្រូ អ្នកគ្រូ ក៏ដូចជាមិត្តភ័ក្តិដែលបានបែកគ្នាទៅមានគ្រួសារ មានការងារ រស់នៅដោយជីវិតរៀងៗខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ដែលមិត្តខ្លះធ្វើការធំ មានងារជាឯកឧត្តម មិត្តខ្លះធ្វើជំនួញ ក្លាយជាឧកញ៉ា មិត្តខ្លះក៏នៅធម្មតា និងមានមិត្តខ្លះ បានផ្លាស់ទៅនៅឯនាយសមុទ្រ ឆ្លងទ្វីបរាប់ពាន់គីឡូម៉ែត្រ មកចងក្រងជាក្រុមមួយទំនាក់ទំនងគ្នាតាមបណ្តាញ WhatsApp បង្កើតបាននូវមនោសញ្ចេតនាស្និទ្ធស្នាល សប្បាយរីករាយ និងបានជួយគ្នាជាបន្តបន្ទាប់គ្រប់ពេលដែលមានមិត្តណាធ្លាក់ខ្លួនជួបការលំបាក ឬមានជំងឺ រហូតបានរួមគ្នាបង្កើតជា ពាក្យស្លោក ប្រចាំក្រុមមួយថា សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក។
រយៈពេល៣ឆ្នាំកន្លងមក អតីតមិត្តរួមជំនាន់ នៃសាលាទូកមួយក្រុមនេះ បានចូលរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ រហូតបានដល់ទៅ ១៣៩,៤៣៣ដុល្លារ ដោយក្នុងនោះ បានយកទៅប្រើប្រាស់ក្នុងការ កសាងសមិទ្ធផលក្នុងសាលា មានបង្គន់ទំនើប តារាងបាល់បោះ តារាងបាល់ទាត់ និងសមិទ្ធផលផ្សេងៗទៀត, ជូនដល់អតីតលោកគ្រូ អ្នកគ្រូដែលមានជំងឺ និងជូនជារួម ក្នុងឱកាសកម្មវិធីផ្សេងៗ, ជួយដល់មិត្តរួមជំនាន់ដែលជួបការលំបាក ជួបអាសន្ន ឬមានជំងឺចូលសម្រាក ព្យាបាលនៅមន្ទីរពេទ្យ និងបានប្រើប្រាស់ ក្នុងការ រៀបចំកម្មវិធីជួបជុំគ្នាប្រចាំឆ្នាំជារៀងរាល់ឆ្នាំផងដែរ។
ដោយឡែកក្នុងកម្មវិធីជួបជុំឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរៀបចំអំណោយជូនដល់អតីត លោកគ្រូអ្នកគ្រូ ចំនួន៤១នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអំណោយភេសជ្ជចំនួន០២កេស ថវិកា១០០ដុល្លារ។ ព្រមជាមួយនោះ លោកស្រី ចាន់ សាណា ភរិយារបស់អគ្គនាយកក្រុមហ៊ុនឱសថ PPM ក៏បានឧបត្ថម្ភបន្ថែម ជូនដល់អតីតលោកគ្រូ អ្នកគ្រូ នូវថ្នាំពេទ្យប្រើប្រាស់ប្រចាំថ្ងៃ រួមមានឱសថបំបាត់រោគសញ្ញាឈឺចុកចាប់និងគ្រុនក្តៅ, ឱសថបំបាត់រាគរូស, ឱសថបំបាត់ផ្តាស់សាយ និងឱសថបំបាត់ក្អកស្ងួត ដោយលោកគ្រូ អ្នកគ្រូម្នាក់ៗទទួលបានថ្នាំចម្រុះ០២ប្រអប់៕