(ភ្នំពេញ)៖ គណៈកម្មការជំនាញរដ្ឋសភា បានបើកិច្ចប្រជុំពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ចំនួន៦ ពាក់ព័ន្ធការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមហ៊ុនមួយចំនួនអភិវឌ្ឍវិស័យអគ្គិសនី។
ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅឯវិមានរដ្ឋសភា លោក បណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ បានបញ្ជាក់យ៉ាងដូច្នេះថា សេចក្ដីព្រាងច្បាប់ទាំង៦នេះ ត្រូវបានចែកចេញជាពីរបណ្ដុំ ទី១ គឺថាមពលអគ្គិសនីដែលប្រើដោយពន្លឺព្រះអាទិត្យ ដែលមាន ៤គម្រោង និងមានអានុភាពសរុប ១៤០មេហ្គាវ៉ាត់ និងមួយទៀត គឺប្រើថាមពលធ្យូងថ្ម ដែលយើងទិញពីសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មាន២គម្រោង និងមាន អានុភាពសរុប២៤០០មេហ្គាវ៉ាត់។
លោកបន្តថារដ្ឋបានអនុម័តច្បាប់ជាច្រើនមកហើយដែលស្នើសុំពីរាជរដ្ឋាភិបាលពាក់ពន្ធនឹងអគ្គិសនី ប៉ុន្តែថ្ងៃនេះពិភាក្សាមានសេចក្ដីព្រាងច្បាប់ចំនួន៦ដូចតទៅ៖
១៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ហ្រ្គីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិត អគ្គីសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។
២៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា ឲ្យក្រុមហ៊ុន រ៉ាយ ផៅវើ សឹបផ្លាយ ឯ.ក សម្រាប់គម្រោង សាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ ។
៣៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយ អគ្គីសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព៦០ មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។
៤៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោង សាងសង់ស្ថានីយផលិតអគ្គីសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។
៥៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា ឲ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវើ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
៦៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន សេកុង សឺមម័ល ផៅវើ ផ្លេន ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ៃ និងថាមពល បានលើកឡើង ថារាជរដ្ឋាភិបាលកម្ពុជា បានខិតខំក្នុងការផ្គត់ផ្គង់ថា មពលអគ្គិសនីដល់ ប្រជាជនយើងប្រើប្រាស់ឲ្យបាលគ្រប់គ្រាន់នៅឆ្នាំ២០២០ ឬឆ្នាំ២០២១ និងខិតខំជំរុញជាបន្តបន្ទាប់ទៀតចំពោះការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសដើម្បីធានាការរីកចម្រើនផ្នែកសេដ្ឋកិច្ច ធានាដល់ជីវភាពរស់នៅរបស់ប្រជាជនយើង កាន់តែមានភាពរុងរឿងថែមទៀត។
សូមជម្រាបកិច្ចប្រជុំមានការចូលរួមពីគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ លោកបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ និងគណៈកម្មការ សាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃណី ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ដឹកនាំដោយលោកស្រី និន សាផុន រួមទាំងសមាជិក សមាជិកាគណៈកម្មការពិភាក្សាជាមួយ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងអគ្គិសនីកម្ពុជា៕