(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចយល់ច្បាស់ចំពោះអារម្មណ៍របស់អ្នកមានបញ្ហាភ្នែក ហើយការជួយឱ្យអ្នកមានបញ្ហាភ្នែកមានភ្នែកភ្លឺឡើងវិញ គឺជាការងារមនុស្សធម៌ដ៏ថ្លៃថ្លា ហើយបើតាមធម៌របស់ព្រះសម្មាសម្ពុទ្ធការជួយមនុស្សឱ្យមានភ្នែកភ្លឺឡើងវិញ គឺបានបុណ្យច្រើនណាស់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពេលអនុញ្ញាតឱ្យលោក លឿង ជុនយីង អនុប្រធានគណៈកម្មការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់ និងផ្លូវ នៃទីក្រុងហុងកុង ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាព នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក លឿង ជុនយីង បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាច្រើនដងមកហើយ ហើយពីរឆ្នាំចុងក្រោយនេះ លោកបាននាំគ្រូពេទ្យស្ម័គ្រចិត្តមកជួយប្រជាពលរដ្ឋកម្ពុជា ដែលមានបញ្ហាភ្នែកនៅខេត្តកំពង់ចាម។ ដោយពិនិត្យឃើញប្រជាជនកម្ពុជា មានបញ្ហាភ្នែកកន្ទុយថ្លែនច្រើន និងបញ្ហាភ្នែកដទៃទៀតច្រើននោះ លោកក៏សម្រេចរៀបចំមជ្ឈមណ្ឌលនៅខេត្តកំពង់ចាម ដើម្បីជួយដល់ប្រជាជនមានបញ្ហាភ្នែកឱ្យជាសះស្បើយ។
លោក លឿង ជុនយីង បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រីថា ការព្យាបាលភ្នែកកន្ទុយថ្លែន ជាការងាយស្រួលបំផុតពុំមានគ្រោះថ្នាក់ទេ ហើយក៏ពុំមានការឈឺចាប់ទៀត។ លោកបន្តថា ការព្យាបាលនេះមិនគួរមានការភ័យខ្លាច មិនគួរមានការព្រួយបារម្ភទេ ផ្ទុយទៅវិញជាការងារមួយដែលគ្រូពេទ្យបានធ្វើឱ្យច្រើនមកហើយ ហើយទទួលជោគជ័យស្ទើរតែ១០០ភាគរយ។
ក្នុងជំនួបនេះ លោក លឿង ជុនយីង ក៏បានគោរពជម្រាបសម្តេចតេជោ ពីការវះកាត់ព្យាបាលភ្នែកកន្ទុយថ្លែនរបស់បុរសវ័យចំណាស់ម្នាក់។ បន្ទាប់ពីការវះកាត់ភ្នែករបស់គាត់ក៏អាចមើលឃើញច្បាស់ឡើងវិញ ហើយគាត់មានភាពសប្បាយរីករាយខ្លាំង ព្រោះភ្នែកគាត់បានពិការរយៈពេល៧ឆ្នាំមកហើយ។
បន្ទាប់ពីបានបើកមជ្ឈមណ្ឌលព្យាបាលភ្នែកនៅខេត្តកំពង់ចាមហើយនោះ ក្នុងរយៈពេលប្រមាណ ១៩ខែមកនេះ ក្រុមគ្រូពេទ្យឯកទេសភ្នែករបស់ចិន ១២នាក់ បានដាក់ប្រចាំការ ដើម្បីព្យាបាលជំងឺភ្នែកជូនប្រជាជន។ លោក ជុនយឺង បានបញ្ជាក់ថា បេសកកម្មព្យាបាលភ្នែកក្រុមគ្រូពេទ្យរបស់លោកបានបញ្ចប់ហើយ ហើយអ្នកជំងឺប្រមាណ ៦,២០៨នាក់នៅក្នុងខេត្តកំពង់ចាម បានវះកាត់ ហើយទទួលបានជាសះស្បើយទាំងស្រុង។
លោក លឿង ជុនយីង បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តកំពង់ចាម លោកនឹងបន្តបេសកកម្មទៅកាន់ខេត្តព្រៃវែងទៀត។ លោកនឹងយកឧបករណ៍ថ្មី គ្រឿងវះកាត់ថ្មីបន្ថែមទៀត ទៅកាន់ខេត្តព្រៃវែង ដើម្បីជួយដល់ប្រជាជននៅខេត្តព្រៃវែង។
លោក ជុនយីង បានគូសបញ្ជាក់ពីវត្ថុបំណងរបស់ខ្លួនថា ការព្យាបាលភ្នែកកន្ទុយថ្លែនរបស់ប្រជាពលរដ្ឋកម្ពុជានេះ ដើម្បីបម្រើការងារមនុស្សធម៌ជាសន្ដានចិត្ត ដើម្បីជួយដល់ប្រជាជនកម្ពុជា និងជំរុញទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលស្របទៅតាមគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ជុនយីង ក៏ដូចជាក្រុមការងារទាំងអស់ ដែលបានធ្វើសកម្មភាពបម្រើផលប្រយោជន៍មនុស្សធម៌នៅកម្ពុជា។ សម្តេចតេជោ ក៏បានសូមឱ្យលោក ជុនយីង និងក្រុមការងារ បន្តជួយដល់ព្យាបាលជំងឺភ្នែកកន្ទុយថ្លែនរបស់ប្រជាពលរដ្ឋនៅតាមខេត្តផ្សេងៗទៀត៕