(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី «បិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់» ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ២០១៩។
ក្នុងពិធីនេះ ក៏មានការចូលរួមពី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា នៃរាជរដ្ឋាភិបាល ក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី អជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទស្សនិកជនជាច្រើន។
សូមជម្រាបថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦នេះ បានប្រព្រឹត្តទៅមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នឹងត្រូវបញ្ចប់ដោយរលូន និងស្ថាពរនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នារសៀលនេះ។
ការប្រកួតនេះ គឺជាការផ្តល់ឱកាសពិសេសមួយឲ្យកីឡាករ កីឡាការិនី បញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមក៕