(កំពង់ចាម)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «នីតិវិធីរៀបចំ និងអនុវត្តថវិកា សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» ជូនមន្ត្រីរាជការចំនួន១៦៤នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន៤ចុងក្រោយ រួមមានខេត្តកំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង និងស្វាយរៀង ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣។
សិក្ខាសាលាបណ្ដុះបណ្ដាលនេះ សហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងពិធីនោះ ក៏មានការចូលរួមពី អភិបាលខេត្តកំពង់ចាម, អភិបាលខេត្តត្បូងឃ្មុំ, អភិបាលខេត្តព្រៃវែង, អភិបាលខេត្តស្វាយរៀង, នាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងតំណាង នៃអគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋាន លទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្លែងក្នុងឱកាសនោះ លោក ពេជ្រ សម្បត្តិ បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ គឺជាសកម្មភាពសំខាន់មួយគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ដែលនឹងរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្ស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និងនិយាយដោយឡែក គឺការពង្រឹង និងពង្រីកសមត្ថភាពមន្ត្រីរាជការ នៃរដ្ឋបាលថ្នាក់ ក្រុង ស្រុក ខណ្ឌ, លើកកម្ពស់ភាពជាម្ចាស់ និងមនសិការវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសជួយដល់ កិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកអនុរដ្ឋលេខាធិការ បានគូសរំលេចពីកម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈ ដែលត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការ ក្នុងឆ្នាំ២០០៤ ដោយសម្រេចបាននូវ សមិទ្ធផលសំខាន់ៗ ជាសារវន្ត ជាពិសេសសម្រេចបាននូវភាពជឿទុកចិត្តនៃថវិកា ក្នុងដំណាក់កាលទី១ និងគណនេយ្យភាពហិរញ្ញវត្ថុ នៅក្នុងដំណាក់កាលទី២។
បច្ចុប្បន្នកម្មវិធីកែទម្រង់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើនការផ្សាភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ ឤទិភាពរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវបញ្ចប់ដោយជោគជ័យនៅឆ្នាំ២០២០ ហើយនឹងឈានទៅអនុវត្តដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងគោលដៅសម្រេចបាននូវ គណនេយ្យភាពសមិទ្ធកម្ម។
ដើម្បីសម្រេចគោលដៅនេះ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ត្រូវបានដាក់ឲ្យអនុវត្ត ហើយយុទ្ធសាស្ត្រនេះ បានចង្អុលឲ្យមានការរៀបចំយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ២០១៩-២០២៥ ដើម្បីប្រែក្លាយជាប្រព័ន្ធថវិកាជាតិពេញលេញ និងតែមួយ គឺប្រព័ន្ធថវិកាជាតិដែលជាចំណុច ចាប់ផ្តើមនៃដំណើរវែងឆ្ងាយបន្តទៀត ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០២៥ នៅក្នុងការប្រែក្លាយប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា ឲ្យក្លាយជា ប្រព័ន្ធមួយដែលមាន ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព ស្របតាមសមត្ថភាព និងតថភាពជាក់ស្តែង នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការណ៍នេះតម្រូវឲ្យមានការចូលរួមប្រកបដោយបុរេសកម្ម និងសកម្មរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និងស្មារតីភ្ញាក់រលឹកធ្វើការកែទម្រង់ជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការដឹកនាំ។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា គម្រោងចំណាយថវិការបស់ថ្នាក់ក្រោមជាតិ ត្រូវបានបង្កើនជាង៤ដង ពីប្រមាណ១៩០លានដុល្លារ នៅឆ្នាំ២០១៣ ទៅដល់ប្រមាណ៨២១លានដុល្លារ នៅឆ្នាំ២០២០ខាងមុខ, ដែលគម្រោងចំណាយថវិកា ឆ្នាំ២០២០នេះ ត្រូវបានរៀបចំដាក់បញ្ជូលទៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ ដែលទទួលបានការអនុម័តពីគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ និងបានដាក់ឆ្លងព្រឹទ្ធសភា រួចរាល់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ និងកំពុងរង់ចាំព្រះមហាក្សត្រឡាយព្រះហស្តលេខាដើម្បីអនុវត្ត។
លោក ពេជ្រ សម្បត្តិ ក៏បានសង្កត់ធ្ងន់បន្ថែមថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពី នីតិវិធីរៀបចំ និងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌនេះ ពិតជាមានសារៈសំខាន់ ដោយគ្រប់ប្រធានបទទាំងអស់ គឺសុទ្ធតែបានរៀបចំជាមេរៀន ដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត ត្រូវអនុវត្តឲ្យបានគត់មត់ ដោយអនុលោមទៅតាមស្មារតី យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ ហើយសមស្របទៅនឹងដំណើរការ ផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវលើការងារហិរញ្ញវត្ថុកាន់តែច្រើនឡើងៗ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ទាំងអស់នេះទាមទារចាំបាច់ឲ្យមន្ត្រី រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានសមត្ថភាព, មានជំនាញវិជ្ជាជីវៈសមស្របក្នុងទម្រង់ដូចគ្នា នឹងរដ្ឋបាលថ្នាក់ជាតិ។
ក្នុងចំណុចនេះ លោកក៏បានសង្កត់ធ្ងន់ថា ការកសាងសមត្ថភាពមន្ត្រីរាជការរបស់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ចាំបាច់ត្រូវរៀបចំ និងអនុវត្តឲ្យមានលក្ខណៈប្រមូលផ្តុំជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ស្របតាមស្មារតីនៃផែនការយុទ្ធសាស្ត្រ ស្តីពីការកសាង និងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ សម្ដៅធានាប្រសិទ្ធភាព និងគុណភាព នៃការបណ្តុះបណ្តាលសមត្ថភាព ពោលធ្វើឲ្យមន្ត្រីរាជការកាន់តែមានចំណេះដឹង ជំនាញវិជ្ជាជីវៈ និងគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ចូលរួមចំណែកក្នុងការអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឲ្យសម្រេចបានជោគជ័យតាមការគ្រោងទុក៕