(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីប្រកាសតែងតាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ចំនួន ៣៥រូប ដើម្បីឱ្យចូលកាន់តំណែងថ្មីជំនួសប្រធាន និងអនុប្រធាន ដែលត្រូវបានបញ្ចប់មុខតំណែង នៅតាមបណ្តារាជធានី-ខេត្តចំនួន១៩។ ដោយឡែកប្រធាន និងអនុប្រធាន លធ.ខប ដែលត្រូវបានបញ្ចប់មុខតំណែង គ.ជ.ប បានសម្រេចចាត់តាំងធ្វើជាជំនួយការ គ.ជ.ប ឱ្យប្រចាំការនៅតាម លធ.ខបទាំងនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូនេះ។
សូមបញ្ជាក់ថា លេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៃខេត្ត ចំនួន ៥ផ្សេងទៀតមិនមានការតែងតាំងប្រធាន និងអនុប្រធាន លធ.ខប ទេ។ ចំពោះខេត្តសៀមរាប គ.ជ.ប បានសម្រេចតែងតាំងលោក អ៊ាម ស៊ីណា ជាអនុប្រធាន លខប។
គ.ជ.ប បានណែនាំឱ្យប្រធាន និងអនុប្រធាន លធ.ខប ត្រូវយកចិត្តទុកដាក់អនុវត្តការងារដូចតទៅ៖
* គោរពអនុវត្តតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោត។
* ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់ គ.ជ.ប ឱ្យបានល្អ បើមានបញ្ហាណាមួយកើតឡើងត្រូវខិតខំនាំគ្នាប្រជុំរកដំណោះស្រាយ ក្នុងករណីយល់ថាហួសពីសមត្ថកិច្ចត្រូវរាយការណ៍ជូន គ.ជ.ប ដើម្បីមានអនុសាសន៍ដឹកនាំ។
* ត្រូវបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបតិ្តការឱ្យបានល្អ ក្នុងភាពជាដៃគូជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាពក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។
* ត្រូវបង្ហាញតម្លាភាពរបស់ គ.ជ.ប តាមរយៈការបើកទូលាយឱ្យមានការចូលរួម និងបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយភាគីពាក់ព័ន្ធ។
* ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការបោះឆ្នោត ជូនដល់សាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ គ្រប់រូបភាព ធានាគុណភាពច្បាស់លាស់ និងទាន់សភាពការណ៍។
* ត្រូវជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មពីគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកយកព័ត៌មានជាតិ និងអន្តរជាតិ ក្នុងដំណើរការបោះឆ្នោត។
សូមជម្រាបជូនថា នេះជាលើកទី១ហើយ ដែលស្ថាប័ន គ.ជ.ប បានធ្វើពិធីប្រកាសតែងតាំងប្រធាន និងអនុប្រធាន លធ.ខប ដោយសារមន្រ្តីមួយចំនួន ដែលដល់អាយុចូលនិវត្តន៍ត្រូវបញ្ចប់មុខតំណែង ហើយ គ.ជ.ប បានជ្រើសរើសអ្នករាជការ គ.ជ.ប ដែលមានសមត្ថភាព មកជំនូសតំណែង ដើម្បីបន្តវេន៕