(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់ទៅបានទៅអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបថ្មី (EU) ប្រចាំកម្ពុជា ថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺអ្នកបង្រួបបង្រួមខ្មែរគ្រប់និន្នាការជាធ្លុងមួយ និងប្រកាសជំហររួចជាស្រេចចំពោះបញ្ហា EBA។
ការបញ្ជាក់បែបនេះរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យលោកស្រី Carmen Moreno អគ្គរដ្ឋទូតសហគមន៍ អឺរ៉ុប (EU) ប្រចាំកម្ពុជា ចូលសម្ដែងការគួរសម ក៏ដូចជា ការណែនាំខ្លួន ដែលលោកស្រីបានចូលកាន់តំណែង ជាអគ្គរដ្ឋទូតអាណត្តិថ្មីប្រចាំនៅកម្ពុជា។
ឆ្លើយតបទៅនឹងការសំណួរបស់លោកស្រី Carmen Moreno ការបង្រួបបង្រួមជាតិ និងស្ថានភាពនានារបស់កម្ពុជា លោក កែវ រ៉េមី ក៏បានជម្រាបជូនដូចខាងក្រោម៖
*ទី១ ៖ ការផ្សះផ្សារជាតិសម្តេចតេជោ ហ៊ុន សែន មានឆន្ទៈខ្ពស់ក្នុងការបង្រួបបង្រួមជាតិការផ្សះផ្សាជាតិ តាំងពីអើយមកម្ល៉េះនេះជារឿងជាក់ស្តែងមិនមែនរឿងនយោបាយនោះទេ ដោយបានឆ្លងកាត់ឱ្យមានការផ្សះផ្សាបង្រួបបង្រួមជាតិតាំងពីឆ្នាំ១៩៩៣ ដែលបានរៀបចំឱ្យមានច្បាប់រដ្ឋធម្មនុញ្ញថ្មី ដែលបាននាំមកនូវព្រះរាជាណាចក្រកម្ពុជា លើកទី២ និងរៀបចំឱ្យមានការបោះឆ្នោតនៅឆ្នាំ១៩៩៣ ដែលជាគំរូប្រមូលខ្មែរគ្រប់ភាគីឱ្យចូលរួមបោះឆ្នោត រហូតមានការបង្រួបបង្រួមជាតិខ្មែរជាធ្លុងមួយ ដែលជាស្មារតីមួយដ៏សំខាន់របស់សម្តេចតេជោ។
*ទី២ ៖ បន្ទាប់ពីមានការបោះឆ្នោតឆ្នាំ១៩៩៣ រួចមក សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ដោយប្រមូលក្រុមខ្មែរក្រហមទាំងអស់ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ។
*ទី៣ ៖ ខ្មែរគ្រប់ភាគីទាំងអស់ មាននិន្នាការអ្វីក៏ដោយ គឺអាចមករួមរស់ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយភាពសុខសាន្ត និងមិនភ័យខ្លាច។
*ទី៤ ៖ ក្រោយការបោះឆ្នោត នៅឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន បានប្រគល់តួនាទីសំខាន់ៗមួយចំនួននៅក្នុងរដ្ឋសភា ដែលបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានផ្សេងទៀត អត់ដែលមានប្រគល់តួនាទីប្រឆាំងនូវដំណែងធំៗ រួមមានទាំងតួនាទីអនុប្រធានរដ្ឋសភា ប្រធានគណៈកម្មការនានានៅក្នុងរដ្ឋសភា សឹងតែ៥០ភាគរយ នេះគឺជាចំណុចសំខាន់ដែលបង្ហាញពីស្មារតីនៃការបង្រួបបង្រួមជាតិ។
*ទី៥ ៖ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំទទួលទានអាហារជាមួយលោក សម រង្ស៊ី និងក្រុមគ្រួសារ ដែលនេះជាជំហរផ្សះផ្សាជាតិដែលសម្តេចតេជោ ហ៊ុន សែន ខិតខំធ្វើឡើង ដើម្បីឱ្យអ្នកនយោបាយកម្ពុជារួបរួមគ្នា ដើម្បីសង្គមជាតិទាំងមូល ក៏ប៉ុន្តែបែរជាលោក សម រង្ស៊ី បោះពាក្យសម្តីមិនសមរម្យមកលើសម្តេចតេជោដោយថា បើចង់ចាប់កូនខ្លា ត្រូវចូលក្នុងរូងខ្លា ដូច្នេះ ទង្វើរនេះ គឺបានបង្ហាញថាការរួបគ្នានេះ អត់មានភាពស្មោះត្រង់ អត់មានសុខដុមនីយកម្ម ដែលអាចនិយាយបានថា ជាគំនិតទុច្ចរិត ដោយប្រើពាក្យពាក្យពេចន៍ ដែលមិនអាចទទួលយកបាន គឺនយោបាយ សម រង្ស៊ី គឺជានយោបាយដែលមាន «ស៊ី អត់សែន មានសែន អត់ស៊ី» ដែលជានយោបាយបំបែកបំបាក់ មិនមែននយោបាយបង្រួបបង្រួម របស់អតីតគណបក្សប្រឆាំងនោះទេ។
*ទី៦ ៖ ពាក់ព័ន្ធនឹង EBA គឺកម្ពុជា ដើរទៅមុខហើយ គឺអត់ថយក្រោយនោះទេ ហើយកម្ពុជាថ្ងៃនេះ មិនដូចកម្ពុជា កាលពីមុនដែរ ដូច្នេះដំណើរការអនុវត្តច្បាប់នីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺដើរទៅមុខអត់មានថយក្រោយនោះទេ ក៏ប៉ុន្តែលោក ក៏បានសំណូមពរឱ្យសហគមន៍អឺរ៉ុប ពិចារណាថា បើបានជួយសូមឱ្យជួយដល់ចប់ចុង ចប់ដើម ប្រសិនបើជួយមិនចប់ចុង ចប់ដើម ចំពោះអ្វីដែលជួយពីមុនមក គឺអត់ន័យ ដូច្នេះការជួយកម្ពុជាមុន របស់សហគមន៍អឺរ៉ុប វានឹងអត់ន័យ ហើយអ្វីដែលជាគុណសម្បត្តិ របស់សហគមន៍អឺរ៉ុប កម្ពុជាកន្លងមក តាមរយៈ EBA និងជំនួយផ្សេងៗ ជាស្នាដៃ និងគុណសម្បត្តិចូលរួមការអភិឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងកំណើនរង្វង់៧ភាគរយ ដូច្នេះ សូមឱ្យសហគមន៍អឺរ៉ុប បន្តជួយកម្ពុជា បន្តទៀត។
លោកស្រី Carmen Moreno ក៏បានបានកោតសរសើចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានយកចិត្តទុកដាក់លើកស្ទួយសិទ្ធិមនុស្ស នៅកម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយ ការបង្កើតឱ្យមានក្រុមមេធាវី ដើម្បីផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ និងជួយការពារក្តីជូនជនក្រីក្រ ដោយមិនគិតថ្លៃសេវា ទាំងនេះជាផ្នែកមួយ ជួយពង្រឹងការគោរពសិទ្ធិមនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកស្រី Carmen Moreno ក៏បានលើកឡើងថា ប្រសិនបើគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវការឱ្យសហគមន៍អឺរ៉ុប ជួយលើផ្នែកច្បាប់ ឬផ្នែកណាមួយនៃការបង្កើតគណៈកម្មការសិទ្ធិមនុស្សថ្នាក់ជាតិ លោកស្រីរីករាយ ក្នុងការសហការលើកិច្ចការងារទាំងនេះ។ លោកស្រីបានបញ្ជាក់ថា នៅក្នុងអាណត្តិរបស់លោកស្រីនៅកម្ពុជានឹងខិតខំសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្ស និងរាជរដ្ឋាភិបាលកម្ពុជា បន្តទៅទៀត ដើម្បីជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕