(កំពត)៖ ស្ថិតនៅភាគខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជា ខេត្តកំពតបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលមានអាកាសធាតុអំណោយផលគួរជាទីរមណីយ ដល់ការសម្រាកលម្ហែកម្សាន្តរបស់ភ្ញៀវទេសចរនៅគ្រប់រដូវកាល។
ខណៈដែលវិស័យទេសចរណ៍កំពុងមានការរីកចម្រើនជាលំដាប់នោះ ខេត្តកំពតក៏មានកន្លែងស្នាក់នៅ និងសេវាកម្មជាច្រើនសម្បូរបែបផងដែរ ក្នុងនោះមានដូចជាសណ្ឋាគារ បឹងហ្គាឡូ និងផ្ទះសំណាក់ជាដើម ដែលមានចំនួនសរុប ២៦៥កន្លែង ស្មើនឹង ៣,៥៨៥បន្ទប់ ជាមួយនឹងការរៀបចំបានយ៉ាងត្រឹមត្រូវ ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។
បច្ចុប្បន្ន សេវាកម្មស្នាក់នៅទេសចរណ៍ភាគច្រើននៅខេត្តកំពត បាននិងកំពុងឈានដល់ការរៀបចំអាជីវកម្មរបស់ខ្លួនស្របតាមបរិបទ «ស្អាត និងបៃតង» ដែលបានគិតបន្ថែមជាមួយកិច្ចការពារបរិស្ថាន ការចូលរួមទទួលខុសត្រូវសង្គម និងការបែងចែកប្រកបដោយសមធម៌។
មូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅក្នុងខេត្តកំពត បានគិតគូរយកចិត្តទុកដាក់លើការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ និងអនាម័យ ព្រមជាមួយគ្នានោះ ក៏បានរៀបចំតាំងបង្ហាញបញ្ជីរាយនាមសេវាកម្ម ការយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាកម្ម និងការថែរក្សាអនាម័យបរិស្ថានទាំងក្នុងនិងក្រៅបរិវេណអាជីវកម្ម ពិសេសបានពង្រឹងការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរផងដែរ។
បន្ថែមពីនេះ គ្រប់អាជីវកម្មក៏បានយកចិត្តទុកដាក់ខ្ពស់លើការរក្សាសន្តិសុខសុវត្ថិភាពនៃការស្នាក់នៅ ការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់បុគ្គលិក និងការរៀបចំឯកសណ្ឋានសម្រាប់បុគ្គលិកគ្រប់គ្នាផងដែរ៕
សូមទស្សនាវីដេអូដែលបង្ហាញពីសេវាកម្មស្នាក់នៅក្នុងខេត្តកំពតដូចតទៅ៖