(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារយកគ្រឿងចក្រចុះស្តារភក់ល្បាប់សំរាមកាកសំណល់រឹង ចេញពីក្នុងប្រឡាយ ដើម្បីបង្ហូរទឹកលូសម្អុយចេញឱ្យបានលឿន ដែលជាផ្នែកមួយ នៃការពារបរិស្ថាន និងអនាម័យក្នុងមូលដ្ឋាន។
វត្តមានអញ្ជើញដល់លើមាត់លូ ប្រឡាយដែលគ្រឿងចក្រកំពុងកាយ លោកអភិបាលខណ្ឌសែនសុខ បានជំរាបទៅបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅស្ថានក្បែប្រឡាយថា បងប្អូនត្រូវនាំគ្នាចូលរួមថែរក្សារបរិស្ថានទាំងអស់គ្នាជាពិសេស គឺកុំចោលសំរាមចូលក្នុងលូ កុំចាក់ដីចូលមាត់ប្រឡាយ ហើយសំរាមមិនត្រូវចោលក្នុងលូជាដាច់ខាត ដូចជាប្រភេទស្បោងកៅស៊ូ ប្លាស្ទីក សំណល់រឹងជាដើម។
សូមបញ្ជាក់ថា ការនាំយកគ្រឿងចក្រ ចុះកាយស្តារប្រព័ន្ធប្រឡាយលូនេះ គឺស្ថិតនៅចំណុច ប្រទ្បាយផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌ ម៉ូវ ម៉ានិត បានបញ្ជាក់ឲ្យដឹងថា ការស្តារលូនិងប្រឡាយទឹកសម្អុយនេះ ក្នុងគោលបំណង ដើម្បីជួយរំដោះទឹកចេញពីក្នុងភូមិដែលជាកន្លងកកកស្ទះជាពិសេសនៅក្នុងភូមិសាស្ត្រ ភូមិទំនប់និងភូមិនៅជាប់ៗនោះ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងដើម្បីរំដោះនាំទឹកចេញពីតំបន់នោះ ទៅស្ថានីយ៍បូមទឹកបន្តទៀត។ លោកបានបញ្ជាក់ទៀតថា ការងារស្តារប្រឡាយលូនេះ នឹងត្រូវធ្វើឡើងជាប្រចាំដោយមិនកំណត់ថ្ងៃនោះទេ៕