(កណ្ដាល)៖ ឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន ៣ភូមិ ស្ថិតនៅភូមិព្រែកសំរោង១ ព្រែកសំរោង២ និងភូមិថ្មី២ ដែលក្បាលដីសរុបចំនួន ១៨៤៥ក្បាលដី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបិទផ្សាយជាសាធារណៈ សម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ។
លោក ព្រុំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានលើកថា ការបិទផ្សាយឯកសារនៃការវិនិច្ឆ័យក្បាលដីនេះ គឺដើម្បីទុកជូនប្រជាពលរដ្ឋជាម្ចាស់ដី បានអញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ រាល់ទិន្នន័យឲ្យបានត្រឹមត្រូវ។ លោកថា ធ្វើនេះមានគោលបំណង ក្នុងការធានាទិន្នន័យឲ្យមានលក្ខណៈស្របច្បាប់ជូនដល់ប្រជាពលរដ្ឋ ក្នុងករណីទិន្នន័យ ពុំទាន់ត្រឹមត្រូវលំអៀងជាន់ព្រំដី សូមប្រជាពលរដ្ឋធ្វើការតវ៉ាដោយក្រុមការងាររបស់គម្រោងចាំសម្របសម្រួលដោះស្រាយជូនចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានរយៈពេល១៥ថ្ងៃ។
លោក ភឹម ម៉ាដូណា អភិបាលរងក្រុងតាខ្មៅ បានជំរាបជូនប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា រហូតដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។
លោកបន្តថា ការបិទផ្សាយនាពេលនេះគឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តអោយបងប្អូន ប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគ ក្នុងវិស័យកសិកម្មអោយ កាន់តែកើនឡើងថែមទៀត។ នេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវនយោបាយ (ឈ្នះឈ្នះ) របស់រាជរដ្ឋាភិបាល លើវិស័យដីធ្លីក្នុងការផ្តល់សម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុន វិនិយោគសំដៅជំរុញ អោយផ្នែកឯកជន បានរួមចំណែកអភិវឌ្ឍមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៏ដល់ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់វិនិយោគនោះយ៉ាងពិតប្រាកដ៕៕៕៕៕