(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា តាមទិន្ន័យរបស់ធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមខែសីហា ឆ្នាំ២០១៩នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្ដល់ឥណទានដល់វិស័យកសិកម្មមានប្រមាណ១៣.១ទ្រីលានរៀល ស្មើនឹង៣.២ប៊ីលានដុល្លារ។
លោកស្រីបញ្ជាក់ថា «បើតាមទិន្ន័យនៅឆ្នាំ២០១០ ឥណទានសរុបលើវិស័យកសិកម្ម មានចំនួន១.៦ទ្រីលានរៀល ស្មើ៣៨១លានដុល្លារអាមេរិក ប៉ុន្ដែគិតត្រឹមខែសីហា ឆ្នាំ២០១៩នេះ ឥណទានសរុបទៅកាន់វិស័យនេះ បានកើនដល់១៣.១ទ្រីលានរៀល ស្មើរនឹង៣.២ប៊ីលានដុល្លារអាមេរិក»។
ការលើកឡើងបែបនេះ របស់លោកស្រីទេសាភិបាលរង ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៦ របស់ធនាគារជាតិនៃកម្ពុជាស្ដីពី «វិស័យកសិកម្មក្នុងបរិបទ នៃការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នៃរចនាសម្ពន្ធសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជានៃ ពាណិជ្ជកម្មពិភពលោក» ដែលរៀបចំដោយធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។
លោកស្រីទេសាភិបាលរងក៏ឲ្យដឹងទៀតថា «ទន្ទឹមនេះអត្រាការប្រាក់ត្រូវបានកំណត់អតិបរមា១៨% នៅខែមេសាឆ្នាំ២០១៧ ដើម្បីសម្រួលដល់លទ្ធភាពទទួលបានឥណទាន របស់កសិករ»។
ស្របជាមួយនឹងប្រធានបទ ដែលលើកយកពីវិស័យកសិកម្មមកពិភាក្សា ក្នុងសន្និសីទនេះ លោកស្រី នាវ ច័ន្ទថាណា ក៏បានលើកពីកត្តាប្រឈម និងដំណោះស្រាយមួយចំនួន ដែលជំរុញឲ្យវិស័យនេះឈានឆ្ពោះទៅមុខ។
លោកស្រីបញ្ជាក់ថា «ថ្ងៃនេះខ្ញុំសូមលើកយកចំណុចសំខាន់ៗមួយចំនួន លើវិស័យកសិកម្មនៅកម្ពុជា ដែលគួរយកមកពិភាក្សាក្នុងសន្និសីទថ្ងៃនេះ។ ខ្ញុំយល់ថា ដើម្បីជំរុញកំណើនវិស័យកសិកម្ម ត្រូវធ្វើឲ្យផលិតភាពនៃវិស័យនេះល្អប្រសើរឡើង និងបង្កើតភាពធន់ និងអាកាសធាតុលើវិស័យនេះ»។
លោកស្រីឲ្យដឹងថា ជាក់ស្ដែងក្នុងសន្និសីទថ្ងៃនេះ គឺធ្វើយ៉ាងណារកដំណោះស្រាយ អំពីបញ្ហាខាងលើនេះ។ ក្រៅពីបញ្ហាប្រឈមខាងលើនេះវិស័យកសិកម្ម ក៏ជួបបញ្ហាខ្វះខាតនូវកម្លាំងពលកម្មផងដែរ។
ដើម្បីដោះស្រាយពីបញ្ហាទាំងនេះ ធនាគារជាតិនៃកម្ពុជា ក៏មានការរៀបចំជាវេទិកាមួយ ដើម្បីពិភាក្សាគ្នាពីបញ្ហានេះ ដោយមានការសម្រប់សម្រួលពីលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីខាងរដ្ឋផងដែរ៕