(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានសម្របសម្រួល ដឹកនាំលំហាត់សមយុទ្ធ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការជំនាញចុះ ត្រួតពិនិត្យទីតាំងរៀបចំធ្វើលំហាត់ហ្វឹកហ្វឺន សង្រ្គោះគ្រោះធម្មជាតិរួមគ្នា រវាងកម្ពុជា-វៀតណាម នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ការធ្វើលំហាត់យោធានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជា គ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យមានការរីកចម្រើន។
រយៈពេលនៃការធ្វើលំហាត់ហ្វឹកហ្វឺន មានរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់១៨ ខែធ្នូ ឆ្នាំ២០១៩។ កម្លាំងចូលរួម ខាងភាគីវៀតណាម ២៦៥នាក់ ខាងភាគីកម្ពុជា ៤៧១នាក់ រួមនឹងកម្លាំងចូលរួម ១,១៤៣នាក់។
ខ្លឹមសារនៃការអនុវត្តធ្វើលំហាត់ចែកចេញជា២ ដំណាក់កាល គឺលំហាត់លើទីលាន និងការងារមនុស្សធម៌។
* លំហាត់លើទីលាន មានស៊ើបការណ៍ ការប្រមូលផ្ដុំជនរងគ្រោះទៅកាន់កន្លែងសុវត្ថិភាព ការលាងសម្អាត ការបន្សាបជាតិពុល ការព្យាបាលបឋម និងការបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។
* ការងារមនុស្សធម៌ មានការជួយព្យាបាល ការផ្សព្វផ្សាយវិធានការទប់ស្កាត់រោគរាតត្បាត និងការផ្តល់អំណោយជូនប្រជាជន។
ការរៀបចំសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម ដែលធ្វើឡើងនៅខេត្តស្វាយរៀង នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដែលធ្វើឡើងក្នុងគោលបំណងត្រៀមសហការជួយប្រជាពលរដ្ឋនៅតាមព្រំដែន ក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ៕