(ភ្នំពេញ)៖ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ទទួលបានថវិកាជាង៣០ម៉ឺនដុល្លារពីអង្គការ APOPO ដែលមានមូលដ្ឋាន នៅប្រទេសប៊ែលហ្សិកលើគម្រោង «សមាហរណកម្មកណ្តុរហិតរកមីន» រួមជាមួយការបោសសម្អាតមីន រយៈពេល១ឆ្នាំ នៅក្នុងខេត្ដព្រះវិហារ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នៃគម្រោងខាងលើនេះ បានធ្វើឡើងក្រោមវត្ដមានលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងលោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំកម្ពុជា។ ពិធីនេះបានរៀបចំធ្វើឡើង នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក ហេង រតនា បានបញ្ជាក់ថា «គម្រោងនេះមានរយៈពេលមួយឆ្នាំចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ និងមានថវិកាគាំទ្រគម្រោងចំនួន៣០៤,២២៦ដុល្លារអាមេរិក»។
លោក ហេង រតនា បានឲ្យដឹងទៀតថា ជាមួយជំនួយអង្គភាពស៊ីម៉ាក់ ក៏ពង្រាយកម្លាំងអ្នកដោះមីនសុនខ និងសត្វកណ្តុរដោះមីនផងដែរ ដែលមានផែនការរំដោះផ្ទៃដីចំការមីនជាង៣០០ហិកតា៕