(ភ្នំពេញ)៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួន បង្ហាញនូវការងឿងឆ្ងល់អំពីការចេញវិក្កយបត្រ ថ្លៃទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មុនការប្រើប្រាស់ ហើយខ្លះមានតម្លៃថ្លៃជាមុនថែមទៀត, ពាក់ព័ន្ធបញ្ហានេះ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញមកពន្យល់ករណីនេះ ដើម្បីបញ្ចប់នូវមន្ទឹលសង្ស័យរបស់ប្រជាពលរដ្ឋ។
លោកអគ្គនាយកពន្យល់ថា យោងសេចក្តីសម្រេចលេខ១៦៩/ MIH/២០១៩ ស្តីពីការកែសម្រួលថ្លៃលក់ទឹកស្អាត ដែលផលិតនិងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ដើម្បីទាន់ពេលបញ្ចប់ការងារតាមថ្ងៃទឹកចាស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចាំបាច់ត្រូវចេញវិក្កយបត្រថ្លៃទឹកដែលផលិត និងផ្គត់ផ្គង់នៅក្នុងឆ្នាំ២០១៩ តាមតម្លៃចាស់ឲ្យអស់មុនដំណាច់ឆ្នាំ២០១៩។ ដូចន្នេះដើម្បីអនុវត្តការងារនេះ បានទាន់តាមកាលកំណត់នោះ វិក្កយបត្របញ្ចប់បរិមាណទឹកប្រើប្រាស់ក្នុងឆ្នាំ២០១៩ ត្រូវធ្វើការគណនាតាម មធ្យមភាគការប្រើប្រាស់កន្លងមក ឬតាមមធ្យមភាគការប្រើប្រាស់ ចុងក្រោយជាមូលដ្ឋាន។
លោកបន្តថា ការគណនាប៉ាន់ស្មាននេះ អាចនឹងមានលំអៀងខ្វះឬលើសបរិមាណប្រើប្រាស់ ជាក់ស្តែងក្នុងនាឡិកាស្ទង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩ ដូចនេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកាត់សងជូនត្រឡប់វិញ នូវបរិមាណដែលប៉ាន់លើស ទៅវិក្កយបត្រប្រើប្រាស់ទឹកសម្រាប់ខែមករា, កុម្ភៈ ឆ្នាំ២០២០ ដោយស្វ័យប្រវត្តិ ផ្អែកតាមលម្អានលេខ លើ នាឡិកាជាក់ស្តែង។ ហេតុនេះអតិថិជន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទាំងអស់នឹងទទួលបានវិក្កយបត្រសម្រាប់ការប្រើប្រាស់ខែធ្នូ២០១៩ ដែលមានលេខអំណានថ្មី រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលជាលេខគិតតាមមធ្យមភាគប្រើប្រាស់កន្លងមក។
នៅក្នុងស្ថានភាពនេះ អតិថិជនដែលមានបំណងទូទាត់តាមប្រព័ន្ធធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ អាចជួបការលំបាក ដោយសារសមតុល្យទឹកប្រាក់ នៅក្នុងប្រព័ន្ធអាចមានចំនួនលើស ទឹកប្រាក់នៅលើវិក្កយបត្រដែលទទួលបាន ចំពោះអតិថិជនដែលពុំទាន់បានទូទាត់វិក្កយត្រខែចាស់ នោះទឹកប្រាក់ នៅលើវិក្កយបត្រខែចាស់ នឹងលោតចូលទៅជាជំពាក់ នៅលើវិក្កយបត្រខែធ្នូនេះតែម្តង ដូចនេះអតិថិជនដែលចង់ទូទាត់តាមធនាគារ ឬគ្រឹះស្ថាន ហិរញ្ញវត្ថុទាំងអស់ដែលជាដៃគូ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមលេខវិក្កយបត្រចុងក្រោយ ជាមួយទឹកប្រាក់សរុបនេះ។
លោកបញ្ជាក់ទៀតថា រាល់ចម្ងល់ទាក់ទងនឹងការចេញវិក្កយបត្រនេះ អតិថិជនអាចធ្វើការសាកសួរ ពត៌មានបន្ថែមនៅ នាយកដ្ឋានអាជីវកម្ម នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
លោកអគ្គនាយកបានឲ្យដឹងថា នៅថ្ងៃចន្ទ ទី១៦ ខែធ្នូនេះ មានប្រជាពលរដ្ឋយ៉ាងច្រើន បានសម្រុកនាំគ្នាមកបង់ប្រាក់នៅទីស្នាក់រដ្ឋាករទឹក ដែលធ្វើបេឡាមមាញឹកយ៉ាងខ្លះ ចំពោះការបម្រើសេវាដល់អតិថិជន៕