(រតនគិរី)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានស្នើសុំឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ហាមឃាត់ប្រជាពលរដ្ឋ យកគ្រាប់ទៅកែច្នៃជាឧបករណ៍ផ្សេងៗ និងត្រូវដកហូតជាបន្ទាន់។
ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាស ដែលលោកទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញជាអធិបតី ក្នុងពិធីតម្លើងផ្ទាំងប៉ាណូអប់រំយល់ដឹង ពីសំណល់ជាតិផ្ទុះសង្គ្រាម នៅឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។ ពិធីនេះ មានការចូលរួមពីអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច អង្គការ MAG អង្គការ NPA ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណ៤០០នាក់ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រាប់ទាំងនោះ វាអាចបណ្តាលឲ្យយើង ធ្លាក់ខ្លួនពិការ របួស និងស្លាប់ គ្រប់ពេលវេលា។
លើសពីនោះទៀត លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានណែនាំ កុំយកគ្រាប់ទាំងនោះទៅកែច្នៃ ដុំ គប់លេង នៅពេលឃើញវាត្រូវរាយការណ៍ជូនមេភូមិ ឃុំ ស្រុក ឬ ប្រតិបត្តិករដោះមីនដែលនៅជិតនោះ នៅលើផ្ទាំងប៉ាណូនេះ មានលេខទូរស័ព្ទស្រាប់ ដើម្បីយកទៅកំទេចចោល។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ហាមឃាត់ប្រជាពលរដ្ឋ យកគ្រាប់ទៅកែច្នៃជាឧបករណ៍ផ្សេងៗ និងត្រូវដកហូតជាបន្ទាន់។
លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ណាស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់គ្នា។ យើងទាំងអស់គ្នា ជាជនរងគ្រោះដោយសារសង្គ្រាម យើងមិនមែនជាអ្នកដាក់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទាំងនោះទេ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែមានអារម្មណ៍ស្លុតណាស់ នៅពេលទទួលព័ត៌មានថា មានជនរងគ្រោះថ្នាក់កើតឡើងម្តងៗ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់ អង្គការ UNICEF ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយអប់រំការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយសារមីននិងគ្រាប់។
លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យអង្គការ UNICEF បន្តជួយដល់អាជ្ញាធរមីន ក្នុងការផ្សព្វផ្សាយការយល់ដឹងនេះ ឲ្យគ្រប់តំបន់ដែលរងផលប៉ះពាល់ដោយសារមីននិងគ្រាប់។ នេះជាលើកទី១ ហើយដែលខេត្តរតនគិរី បានតម្លើងផ្ទាំងប៉ាណូអប់រំបែបនេះ ហើយអាជ្ញាធរមីន នឹងតម្លើងនៅខេត្តបាត់ដំបងបន្តទៀត ព្រមទាំងត្រៀមតម្លើងឲ្យបានគ្រប់តំបន់ប្រឈមបញ្ហាមីន និងសំណល់ជាតិផ្ទុះសង្រ្គាម នៅទូទាំងប្រទស។
ឆ្លៀតក្នុងបេសកកម្មនេះផងដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញចុះពិនិត្យការធ្វើតេស្តសាកល្បងម៉ាស៊ីនរាវមីន ដែលផលិតដោយស្នាដៃកូនខ្មែរ គឺលោក Richard Yim។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក Yim Richard និងសហការី ដែលបានខិតខំផលិតម៉ាស៊ីនរាវមីននេះឡើង ដើម្បីចូលរួមក្នុងការងារបោសសម្អាតមីន/គ្រាប់នៅកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាសម្រេចគោលដៅ គ្មានមីនឆ្នាំ២០២៥៕