(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ភាពជោគជ័យ នៃផលិតផលរបស់កម្ពុជា ក៏ពឹងផ្អែកសំខាន់បំផុត លើការគាំទ្រ នៅក្នុងស្រុក ហើយបច្ចុប្បន្ននេះ ខ្មែរយើងមិនត្រឹមតែផលិតបានទេ ប៉ុន្តែគុណភាពក៏ត្រូវតែល្អ ស្របតាមស្តង់ដារផងដែរ ពីព្រោះនៅក្នុងទីផ្សារសេរី អ្នកផលិតត្រូវផលិតទាំងបរិមាណ, គុណភាព និងតម្លៃ ជាពិសេសកត្តាគុណភាព និងតម្លៃនេះឯង ដែលត្រូវរួមផ្សំជាមួយគ្នា នៅក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។
ការថ្លែងបែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាស ដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធីបតីភាព ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រ រ៉ូសផ្លាស្ទីក (ខេមបូឌា) នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតរោងចក្រឧស្សាហកម្មផលិតទុយោ និងបំពង់ទីបជ័រ របស់ក្រុមហ៊ុន រ៉ូសផ្លាស្ទីក (ខេមបូឌា) នាពេលនេះ បានបង្ហាញថា ការវិនិយោគក្នុងស្រុកពិតជាបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល នៅក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការលើកកម្ពស់សហគ្រិនភាព ក្នុងវិស័យឯកជន ដើម្បីស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងការលើកស្ទួយ កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិតាមរយៈសា្លកយីហោដាក់ថា «ផលិតនៅកម្ពុជា (Made in Cambodia)»។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ដទៀតថា ការខិតខំរបស់ក្រុមហ៊ុន រហូតទទួលបាននូវវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ISO បានបញ្ជាក់អំពីការយកចិត្តទុកដាក់ របស់ស្ថានិកក្រុមហ៊ុនលើគុណភានៃផលិតផល ដែលក្រៅពីការផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុកដែលកំពុងមានតម្រូវការខ្លាំង ក្រុមហ៊ុនក៏មានទស្សនវិស័យក្នុងការនាំចេញផលិតផលនេះទៅក្នុងទីផ្សារអន្តរជាតិផងដែរ ដោយក្រុមហ៊ុនអាចសាកល្បងសំលឹងមើលទីផ្សារ អនុតំបន់មេគង្គ, ទីផ្សារអាស៊ាន, និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក៏ដូចជាទីផ្សារធំៗដទៃទៀតក្នុងពិភពលោក។
ឧត្តមសេនីយ៍ឯក បន្ថែមថា សក្តានុពលនេះ គឺជាតំណាងសក្ខីភាពនៃការរីកចម្រើនរួមគ្នារបស់យើង ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល ២០ ឆ្នាំជាប់ៗគ្នា។ កំណើនបែបនេះ គឺមិនមែនកើតឡើង ដោយងាយស្រួលឥតហេតុនោះទេ គឺជាលទ្ធផលនៃការបូកបញ្ចូលគ្នានៃកំណើនលើគ្រប់ វិស័យទាំងអស់ ទាំងកម្រិតជីវភាពរស់នៅរបស់ប្រជាជន, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ, សង្គមស៊ីវិល និងវិស័យឯកជន។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងទស្សវត្សរ៍ឆ្នាំ៩០ ផលិតផលប្រើប្រាស់របស់យើង ត្រូវបាននាំចូលមកពីប្រទេសក្រៅសឹងតែទាំងអស់ ហើយនៅលើទីផ្សារអន្តរជាតិ ផលិតផលមកពីអាស៊ីមិនមានមកពីកម្ពុជាទេ។ ប៉ុន្តែសព្វថ្ងៃនេះ ផលិតផលជាច្រើនជាតម្រូវការនៃការប្រើប្រាស់ក្នុងស្រុក ត្រូវបានផលិតនៅក្នុងប្រទេសរបស់យើង ហើយនៅលើទីផ្សារអន្តរជាតិជាច្រើន ក៏ឃើញមានការលក់ផលិតផលកម្ពុជា ដែលនេះ គឺជាមោទនភាពជាតិរបស់យើងក្នុងនាមជាខ្មែរ ពីព្រោះការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក មានលក្ខខណ្ឌតម្រូវស្តង់ដារខ្ពស់។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ដទៀតថា ដូច្នេះការណ៍ដែលយើង អាចចូលក្នុងទីផ្សារទាំងនោះបាន គឺបញ្ជាក់បានអំពីសមត្ថភាពផលិតរបស់យើង ទាំងបរិមាណ និងគុណភាព ហើយជាគុណភាពដែលមានការ ទទួលស្គាល់ ជាអន្តរជាតិ និងផលិតដោយវិស្វករ និងអ្នកបច្ចេកទេស ជាកូនខ្មែរ ដែលមានសមត្ថភាពជំនាញច្បាស់លាស់។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងថា ភាពជោគជ័យនៃផលិតផលរបស់កម្ពុជា ក៏ពឹងផ្អែកសំខាន់បំផុតលើការគាំទ្រនៅក្នុងស្រុក ហើយបច្ចុប្បន្ននេះ ខ្មែរយើងមិនត្រឹមតែផលិតបានទេ ប៉ុន្តែគុណភាពក៏ត្រូវតែល្អ ស្របតាមស្តង់ដារផងដែរ ពីព្រោះនៅក្នុងទីផ្សារសេរី អ្នកផលិតត្រូវផលិតទាំងបរិមាណ, គុណភាព និងតម្លៃ ជាពិសេសកត្តាគុណភាព និងតម្លៃនេះឯង ដែលត្រូវរួមផ្សំជាមួយគ្នា នៅក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។ ដូច្នេះ គឺនៅពេលនេះហើយ ដែលអតិថិជនក្នុងស្រុករបស់យើង បន្តជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងបន្ថែម និងបង្កើនវិសាលភាពវិស័យឯកជន ដែលដើរតួនាទីជាចលករសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ៕