Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរកំណត់យកថ្ងៃទី១៧ ខែធ្នូ ដើម្បីដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋ ៣៨គ្រួសារ នៅភូមិទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ក្រោយម្ចាស់ក្រុមហ៊ុនពុះដីឡូតិ៍មួយមិនឲ្យពួកគាត់ប្រើប្រាស

16-12-2019 15:14

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ ដែលបានទិញដីឡូតិ៍សង់លំនៅដ្ឋានរស់នៅ រយៈពេលច្រើនឆ្នាំមកហើយ បានកើតទុក្ខមិនសុខចិត្ត ចំពោះក្រុមហ៊ុនពុះដីឡូតិ៍ខាងលើហើយ បានដាក់ពាក្យបណ្ដឹងចូលទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យ ឱ្យជួយរកយុត្តិធម៌ ដោយបានចោទប្រកាន់ថា ក្រុមហ៊ុនមួយនេះ កាលពីពុះដីឡូតិ៍ គឺទុកផ្លូវសម្រាប់ពួកគាត់ចេញចូលផ្ទះត្រឹមត្រូវ លុះដល់ពេលនេះបែរ ជាហាមឃាត់លែងឱ្យប្រើផ្លូវនោះតទៅទៀត។

មិនតែប៉ុណ្ណោះកាលពីពេលទិញដីនោះ ក្រុមហ៊ុនបានផ្ទេរសិទ្ធិកាន់កាប់ដីនៅត្រឹមសង្កាត់ឱ្យពួកគាត់រួចរាល់ហើយ ស្រាប់តែពេលនេះពួកគាត់ ត្រូវការដោះដូរ បែរជាក្រុមហ៊ុនហាមឃាត់មិនឱ្យលក់ ហើយបើលក់ទាល់តែបង់ប្រាក់ឱ្យក្រុមហ៊ុនពី៣០០ ទៅ៥០០ដុល្លារ ទើបលក់បាន និងបានចោទថា ពួកគាត់ទាំង ៣៨គ្រួសារ គឺខ្ចីដីក្រុមហ៊ុនធ្វើផ្ទះនៅទៅវិញ ហើយថែមទាំងផ្ដាច់ទឹកលែងឱ្យពួកគាត់ មួយចំនួនប្រើប្រាស់ទៀតផង។

ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ រួមជាមួយលោក កង វង ចៅសង្កាត់ទី១ បានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែង លើទីតាំងទំនាស់ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១។ ប៉ុន្តែអាជ្ញាធរ មិនបានដោះស្រាយជូនប្រជាពលរដ្ឋនៅឡើយ ដោយលោក ប៉ាង លីដា បានប្រាប់ថា និងប្រមូលប្រជាពលរដ្ឋជួបប្រជុំដោះស្រាយគ្នាជាមួយម្ចាស់ក្រុមហ៊ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់បានទៅទិញដីឡូតិ៍ពីម្ចាស់ក្រុមហ៊ុនមួយនេះ ដែលមានប្រពន្ធឈ្មោះឈឿន សុវណ្ណារ៉ា និងប្តី ឈ្មោះ ហ៊ន ហេង មុខរបរជាយោធា នៅក្នុងអំឡុងឆ្នាំ២០១៤ មកម្ល៉េះ ដោយកាលពីពេលសម្រេចចិត្តទិញ ក៏ព្រោះតែក្រុមហ៊ុននេះ បានអះអាងថា ទីតាំងដីឡូតិ៍របស់ខ្លួនមានប្រព័ន្ធទឹកភ្លើង និងការផ្ទេរសិទ្ធិត្រឹមត្រូវ។ លុះក្រោយពេលទិញរួចក្រុមហ៊ុនបានផ្ទេរសិទ្ធិ ឱ្យពួកគាត់ត្រឹមសង្កាត់ចោមចៅ ដោយមានការចុះហត្ថលេខាដោយលោកចៅសង្កាត់សុទ្ធសាធ បន្ទាប់មកពួកគាត់បានសាងសង់លំនៅដ្ឋានរស់នៅរហូតមក។

ប្រជាពលរដ្ឋ បានបន្តទៀតថា ស្រាប់តែនៅរយៈពេលជាង ១ខែមុននេះ ស្រាប់តែម្ចាស់ក្រុមហ៊ុនពុះដីឡូតិ៍មួយនេះ ដែលមានប្រពន្ធឈ្មោះ ឈឿន សុវណ្ណារ៉ា និងប្តី ឈ្មោះ ហ៊ន ហេង នេះបានហាមឃាត់លែងឱ្យប្រើប្រាស់ផ្លូវដែលមានទទឹងជាង ៤ម៉ែត្រ និងបណ្ដោយជាង ១០ម៉ែត្រ ព្រមទាំងបិទឈប់ឱ្យពួកគាត់មួយចំនួនទៀតប្រើទឹកឡើយ។ ពេលពួកគាត់ហៅខាងមន្រ្តីរដ្ឋាករទឹក ទៅតទឹកស្រាប់តែម្ចាស់ក្រុមហ៊ុនដីឡូតិ៍ខាងលើ ដេញចេញមិនឱ្យតឡើយ ព្រមទាំងចោទប្រកាន់ថា ពួកគាត់ខ្ចីដីក្រុមហ៊ុនធ្វើផ្ទះរស់នៅ និងហាមមិនឱ្យលក់ដូរឡើយ ហើយបើលក់ទាល់តែបង់ប្រាក់ ឱ្យក្រុមហ៊ុនពី៣០០ ទៅ៥០០ដុល្លារ ទើបលក់បាន។ ចំណែកការហាមឃាត់ឈប់ឱ្យប្រើប្រាស់ផ្លូវខាងលើ គឺម្ចាស់ក្រុមហ៊ុននេះ ចង់យកផ្លូវលក់តែម្ដង។

ពួកគាត់បានបន្តថា បន្ទាប់ពីទទួលរងភាពព្រៃផ្សៃបែបនេះ ទើបពួកគាត់សម្រេចដាក់ពាក្យប្ដឹងដោយមុនដំបូង សុំឱ្យអាជ្ញាធរសង្កាត់ជួយដោះស្រាយ តែបែរជាអាជ្ញាធរសង្កាត់ចោមចៅទី១ បង្គាប់ឱ្យពួកគាត់១គ្រួសារៗ ត្រូវបង់លុយឱ្យក្រុមហ៊ុនជាប្រចាំ ក្នុង១ ខែ១០ដុល្លារ ឬក៏ប្រមូលគ្នាធ្វើម៉េច ឱ្យបាន១៨,០០០ដុល្លារ ទៅ១៩,០០០ ឱ្យទៅក្រុមហ៊ុនជាថ្នូរទៅនិងការបើកផ្លូវនេះវិញ។ ដោយសារតែបែបនេះ ហើយទើបពួកគាត់ បន្តដាក់ពាក្យបណ្ដឹងចូលទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យឱ្យជួយវិញ ដោយចង់បានត្រឹមការបើកផ្លូវ និងការបើកទឹកបានប្រើប្រាស់វិញ ព្រមទាំមានសិទ្ធិសេរីភាព ក្នុងការលក់ដូរផ្ទះវិញប៉ុណ្ណោះ៕