(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះថា បន្ទាប់ពីមានបុរសជនជាតិបរទេស ដែលបានបង្ហោះវីដេអូឲ្យភ្ញៀវបរទេសកុំមកលេងកម្ពុជា ដែលប៉ះពាល់កិត្តិយស និងគោលដៅទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំមួយជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងក្រុមមេធាវីផងដែរ ដើម្បីរកវិធីចាត់ការចំពោះជនបរទេសដ៏គម្រក់ម្នាក់នោះ។
ក្រៅពីចាត់វិធានការលើជនបរទេសរូបនោះ ក្រសួងទេសចរណ៍ គ្រោងនឹងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook ដើម្បីស្នើសុំឲ្យលុបវិដេអូនោះចោល។
លោករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងទេសចរណ៍បានសម្រេចស្នើ ទៅក្រសួងមហាផ្ទៃ ដើម្បីបិទទិដ្ឋាការជនបរទេសរូបនោះ មិនឲ្យចូលមកកម្ពុជាជាអចិន្ត្រៃយ៍តែម្តង ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឯកភាពតាមសំណើរបស់ក្រសួងហើយ។ មួយវិញទៀត ក្រសួងទេសចរណ៍នឹងដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុន Google និង Facebook ដើម្បីស្នើសុំឲ្យលុបវីដេអូដែលជនបរទេសរូបនោះបានបង្ហោះ។ លោក ថោង ខុន បានបញ្ជាក់ថា ចំពោះវីដេអូរបស់ជនបរទេសរូបនោះ ក្រសួងទេសចរណ៍នឹងរៀបចំសំណើ ទៅកាន់ក្រសួងការបរទេស និងកិច្ចហសប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់ការលើជនបរទេសដ៏គំរក់រូបនោះបន្ថែមទៀត»។
លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការចាត់វិធានការលើជនបរទេសរូបនោះ ធ្វើឡើងស្របតាមច្បាប់ស្តីពីទេសចរណ៍ មាត្រា៥០ និងមាត្រា៦៨ ពាក់ព័ន្ធវិស័យទេសចរណ៍នៅកម្ពុជា ក្នុងនោះអគ្គនាយករងនៃអគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ ដែលបានចូលរួមក្នុងកិច្ចប្រជុំបានក៏បានអះអាងថា ទង្វើរបស់ជនបរទេសរូបនោះក៏ល្មើសច្បាប់របស់កម្ពុជាស្តីពីការគ្រប់គ្រងជនបរទេស មិនមែនអន្តោប្រវេសន្ត៍ ផងដែរ ដូច្នេះរាជរដ្ឋាភិបាលអាចនឹងចាត់វិធានការតាមផ្លូវច្បាប់ និងបិទទិដ្ឋាការជនបរទេសរូបនោះ មិនឲ្យចូលមកកម្ពុជាជាអចិន្ត្រៃយ៍។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានជនបរទេសម្នាក់ ដែលអះអាងថា ជាជនជាតិអ៊ីរ៉ង់ រស់នៅប្រទេសហូឡង់ មាន YouTube ឈ្មោះថា «James FT» បានថតវីដេអូនៅកន្លែងមួយចំនួនរបស់កម្ពុជា បង្ហោះក្នុងន័យបំភ័យភ្ញៀវទេសចរ មិនឲ្យមកលេងកម្ពុជា ដោយរូបគេក៏បាននិយាយក្នុងវីដេអូនោះ ពាក់ព័ន្ធនឹងកិតិ្តយស និងគោលដៅទេសចរណ៍ កម្ពុជា ។
បន្ទាប់ពីមានការបង្ហោះនេះ ទាំងវិស័យឯកជនផ្នែកទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ បានប្រតិកម្មថ្កោលទោស ចំពោះទង្វើដ៏គម្រក់នេះ និងស្នើឲ្យសមត្ថកិច្ច ចាត់វិធានការចំពោះជនបរទេសរូបនោះផងដែរ៕