(ភ្នំពេញ)៖ ក្រុមកីឡាបាល់ទាត់ នៃក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ អ្នកការទូតចំនួន៦ប្រទេសរួមមាន អាមេរិក, រុស្ស៊ី, តួកគី,ម៉ាឡៃស៊ី, ឥណ្ឌូនេស៊ី, ព្រុយណេនៅកម្ពុជា ដើម្បីបង្កើនមិត្តិភាព សាមគ្គីភាព ចូលរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនងវិស័យសន្តិសុខ រវាងកម្ពុជា និងប្រទេសទាំងនេះ។

ការប្រកួតមិត្តភាពនេះធ្វើឡើងនារសៀលថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៩ ដឹកនាំដោយលោកបណ្ឌិត ឌុច ដារិន្ទ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងជាប្រធានក្រុមបាល់ទាត់ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា នៃអគ្គស្នងការដ្ធាននគរបាលជាតិ ដោយមានការចូលរួមពីអ្នកការទូតអាមេរិកទទួលបន្ទុកនយោបាយ, លោកស្រី Gulay Rignault អនុប្រធានបេសកកម្មតួកគីប្រចាំនៅកម្ពុជា, លោក វរសេនីយឯក Sergey POKROVSKIY អនុសេនាធិការយោធាអាកាសនិងជើងទឹក រុស្សី, អ្នកការទូត តួគីម៉ាឡៃស៊ី, ឥណ្ឌូនេស៊ី, ព្រុយណេ, ក្រុមគ្រួសារអ្នកការទូត, នាយនគរបាលជាន់ខ្ពស់ និងមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំកម្ពុជា តំណាងនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តែងតែឧបត្ថម្ភ នឹងបន្តគាំទ្រការប្រកួតបាល់ទាត់មិត្តភាពនេះ និងបានចូលរួមជាកិត្តយសដោយផ្ទាល់ ក្នុងការប្រកួតបាល់ទាត់មិត្តភាពនេះ។

លោកបណ្ឌិតឌុច ដារិន្ទ បានបញ្ជាក់ថា «ក្រុមកីឡាករ នៃក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានខិតខំព្យាយាមហ្វឹកហាត់អស់ពីសមត្ថភាព ដើម្បីប្រកួតជាមួយក្រុមកីឡាបាល់ទាត់ អ្នកការទូតអន្តរជាតិ»

លោកបណ្ឌិតរូបនេះបន្តថា ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះ ធ្វើឡើងដើម្បីថែរក្សាសុខភាពបានល្អ និងជាកោសិកាដ៏តូចមួយក្នុងការជួយបង្កើនមិត្តភាព បន្តពង្រឹង និងពង្រីកទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មាន កិច្ចសហប្រតិបត្តិការការងារសន្តិសុខរបស់ក្រុម HOTLINE នៃអគ្គស្នងការនគរបាលជាតិ ជាមួយនឹងសហរដ្ឋអាមេរិក, ចិន, អង់គ្លេស, ស៊ុយអែត, រុស្ស៊ី, តួកគី និងបណ្តាប្រទេសផ្សេងៗ។

សម្រាប់លទ្ធផលនៃការប្រកួតនេះ ក្រុមកីឡាករ នៃក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE បានឈ្នះនាំមុខគេដោយលទ្ធផល ៧ទល់៥ ដោយសងសឹកនៃលទ្ធផលពីការប្រកួតនាខែមុន។

សូមជម្រាបជូនថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ ធ្វើឡើងជាច្រើនលើកមកហើយ និងប្រព្រឹត្តទៅដោយរលូនបរិយាកាសរីករាយរវាងកម្ពុជា ជាមួយនឹងមិត្តនៃបណ្តាប្រទេសដទៃ៕