(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌដង្កោ មានរៀបចំពិធីប្រកាសផ្លាស់ប្ដូរអភិបាលខណ្ឌថ្មី ដោយលោកស្រី គឹម ញឹប អភិបាលរងជំនួសលោក នុត ពុធដារ៉ា ដែលត្រូវចប់អាណត្តិទី២។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
នៅក្នុងពិធីនោះ ក៏មានការប្រកាសតែងតាំងអភិបាលរងខណ្ឌម្នាក់ផងដែរ គឺលោក ទុយ ច័ន្ទ។
គួរជម្រាបថា លោក នុត ពុធដារ៉ា ក្នុងឱកាសកាន់តំណែងជាអភិបាលខណ្ឌដង្កោ រយៈពេល ២អាណត្តិ ស្មើនឹង៨ឆ្នាំកន្លងទៅនេះ បានយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដោយមិនរុញរា និងបានអភិវឌ្ឍន៍ក្នុងមូលដ្ឋានជាបន្ដបន្ទាប់ មានទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ លូ ព្រមទាំងដោះស្រាយនូវអ្វីដែលលជាកង្វល់របស់ប្រជាពលរដ្ឋផងដែរ។
អ្វីដែលធ្វើឲ្យគេចាំមិនភ្លេចនូវការខិតខំប្រឹងប្រែងរបស់លោក នុត ពុធដារ៉ា កាលពីនៅក្នុងតំណែងជាអភិបាលខណ្ឌនោះ លោកតែងតែដឹកនាំមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជួបសំណេះសំណាលជាប្រចាំជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសការធ្វើវេទិកាសាធារណៈ ដើម្បីក្ដាប់ឲ្យបាននូវអ្វីដែលប្រជាពលរដ្ឋត្រូវការ។
ជាការកត់សម្គាល់សម្រាប់ដំណាក់កាល នៃការបោះឆ្នោត ទាំងបោះឆ្នោតថ្នាក់ជាតិ និងឃុំសង្កាត់ សម្រាប់ខណ្ឌដង្កោ គឺគណបក្សប្រជាជនកម្ពុជាតែងតែទទួលបានសម្លេងគាំទ្រ យ៉ាងច្រើនលើសលប់៕