(បាត់ដំបង)៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា បន្ទាប់ពីដាក់ឱ្យដំណើរការ កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ផ្លូវជង្ហុកសំបុកមាន់៣១០ករណី ក្នុងចំណោម២,៥០៣ករណី ត្រូវបានចុះជួសជុលរួចភ្លាមៗ ខណៈមួយចំនួនទៀតកំពុងសហការដោះស្រាយជាមួយភាគីពាក់ព័ន្ធ ព្រមទាំងដាក់ចូលផែនការដោះស្រាយក្នុងឆ្នាំបន្ទាប់ទៀត។

លោក យិត បុណ្ណា បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកតំណាងឱ្យលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) នៅសណ្ឋាគារ ប្រេស៊ីដង់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្តទាំង២៥ សរុបជិត៣០០នាក់។

លោក យិត បុណ្ណា បានបញ្ជាក់ទៀតថា កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) គឺជាកម្មវិធីបច្ចេកវិទ្យាសម្រាប់ទំនាក់ទំនង រវាងមន្ដ្រីជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ដើម្បីសម្រួលដល់ការបំពេញបន្ថែម លើយន្តការតាមដាន ប្រមូលព័ត៌មាន និងដោះស្រាយលើការងារថែទាំផ្លូវ ក្នុងការចូលរួមចំណែកថែរក្សាផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា។

លោក យិត បុណ្ណា ក៏បានណែនាំដល់អង្គភាពក្រោមឱវាទក្រសួងទាំងអស់ យកចិត្តទុកដាក់ពង្រឹងគុណភាពក្នុងការសាងសង់ ជួសជុល និងថែទាំផ្លូវ ចុះត្រួតពិនិត្យស្ថានភាពផ្លូវថ្នល់ ឱ្យបានញឹកញាប់ និងចាត់វិធានការដោះស្រាយបញ្ហាផ្លូវខូច ដែលប្រជាពលរដ្ឋបានរាយការណ៍ ឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ថែមទាំងចូលរួមទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលជាមូលហេតុធ្វើឱ្យផ្លូវថ្នល់ទទួលរងការខូចខាតមុនអាយុកាល។

លោក យិត បុណ្ណា ក៏បានជំរុញលើកទឹកចិត្តដល់មន្ត្រីក្រសួង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ រាយការណ៍អំពីជង្ហុកសំបុកមាន់ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីក្រុមការងារ ក្រសួងអាចចុះមកជួសជុលបានទាន់ពេលវេលា បង្ការកុំឱ្យផ្លូវខូចកាន់តែធំ។

សូមបញ្ជាក់ផងដែរថា កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) បានដាក់ដំណើរការរយៈពេល១ឆ្នាំ (១៣ ធ្នូ ២០១៨ -១៣ ធ្នូ ២០១៩) ដោយមានអ្នកទាញយកកម្មវិធីសរុបចំនួន ១៧,១១២នាក់ ដែលមានរបាយការណ៍ចំនួន ២,៥០៣ ក្នុងនោះរបាយការណ៍ដោះស្រាយរួចចំនួន ១,០៥៤ របាយការណ៍ ស្មើនឹង ៤២% ក្នុងនោះ បានចុះជួសជុលរួចភ្លាមៗ មានចំនួន ៣១០ករណី និងមួយចំនួនទៀតកំពុងត្រូវបានសហការដោះស្រាយ ជាមួយភាគពាក់ព័ន្ធ និងដាក់ចូលក្នុងផែនការឆ្នាំបន្ទាប់៕