(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិតពេទ្យ បានលើកឡើង ដោយស្នើឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវមានការគ្រប់គ្រងឲ្យបានច្បាស់លាស់ ទៅលើគ្លីនិកឯកជន និងឱសថស្ថានដែលបានបើកដំណើរការ។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យគ្លីនិកឯកជន កុំដណ្ដើមអ្នកជំងឺគ្នា ហើយប្រសិនបើយកអ្នកជំងឺណាទៅពិនិត្យព្យាបាលហើយនោះ ត្រូវតែទទួលខុសត្រូវតាំងពីដើម រហូតដល់ចប់ កុំដល់ថ្នាក់សង្គ្រោះលែងបានហើយ ចាប់ផ្ដើមបញ្ជូនទៅមន្ទីពេទ្យរដ្ឋ ដែលធ្វើឲ្យអ្នកជំងឺនោះស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសុំឲ្យយកចិត្តទុកដាក់អំពីការគ្រប់គ្រងគ្លីនិច្ចឯកជន ក៏ដូចជាការលក់ឱសថ ត្រូវធ្វើឲ្យច្បាស់ អំពីបញ្ហានឹងហើយខ្ញុំសូមសំណូមពរថា យើងមានទាំងរដ្ឋ និងឯកជន ក៏ប៉ុន្តែសុំកុំដណ្តើមអ្នកជំងឺគ្នា ប៉ុន្តែបើដណ្តើអ្នកជំងឺគ្នា សុំឲ្យមានការទទួលខុសត្រូវ តាំងពីដើមដល់ចប់ កុំឲ្យដល់ថ្នាក់សង្គ្រោះលែងបានហើយ បានចាប់ផ្តើមបញ្ជូនទៅមន្ទីពេទ្យរដ្ឋ ដល់ទៅស្លាប់ ស្លាប់នៅមន្ទីពេទ្យរដ្ឋ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ប្រសិនបើគ្លីនិកឯកជនពិនិត្យឃើញថា ស្ថានភាពអ្នកជំងឺនោះ ខ្លួនមិនមានសមត្ថភាពដើម្បីព្យាបាលទេ ត្រូវបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យ កុំដល់ថ្នាក់ខ្លួនព្យាបាលមិនកើតហើយយកលុយអ្នកជំងឺអស់ច្រើន ទើបបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ដែលចំណុចទាំងអស់នេះ ទាមទារឲ្យយកចិត្តទុកដាក់។ ដោយឡែក សម្រាប់ការគ្រប់គ្រងឱសថវិញ ពិសេសឱសថក្លែងក្លាយទាមទារឲ្យមានការគ្រប់គ្រងឲ្យបានច្បាស់លាស់ផងដែរ។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងទទូចដោយសំណូមពរដល់គ្រូពេទ្យទាំងអស់ ទាំងនៅមន្ទីរពេទ្យរដ្ឋ និងឯកជន សូមគោរពនូវ ក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យល្អ ត្រូវគិតពីតម្លៃជីវិតមនុស្សធំជាងលុយ ទោះបីប្រជាពលរដ្ឋដែលមកព្យាបាលជំងឺគ្មានប្រាក់ ត្រូវពិនិត្យព្យាបាលជូនពួកគាត់ ដោយយកចិត្តទុកដាក់ខ្ពស់ ជាមួយពាក្យសំដីសមរម្យ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ប្រសិនបញ្ហាវិជ្ជាជីវៈក្រមសីលធម៌ ឥរិយាបទ និងពាក្យសំដីរបស់គ្រូពេទ្យ ចំពោះអ្នកជំងឺមិនបានកែប្រែទេ កុំថាឡើយបំពាក់សម្ភារ ឧបករណ៍បច្ចេកទេសរាប់ពាន់លានដុល្លារថែមទៀតក្តី ក៏តែមានបញ្ហាពាក្យសំដីត្អូញត្អែរ ពីប្រជាពលរដ្ឋដដែលជាដដែល៕