(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានបន្ដដឹកនាំកិច្ចប្រជុំការងារ ត្រួតពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រ លើកទី០៨ ជុំទី០២ នៅក្រុងកំពត ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ធានាឲ្យបាននូវ សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីឲ្យការប្រារព្ធពិធីបុណ្យសមុទ្រដំណើរការប្រកបដោយភាពជោគជ័យ ពិសេសការពារសន្ដិសុខ សុវត្ថិភាព ឲ្យបានដាច់ខាតជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខ្ពស់ជាតិ-អន្ដរជាតិ មន្ដ្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលអញ្ជើញចូលរួម។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំឲ្យកម្លាំងត្រូវពង្រឹងកិច្ចការពារសន្ដិសុខផ្លូវហោះហើរ សណ្ឋាគារ ផ្ទះសំណាក់ដែលគណៈប្រតិភូស្នាក់អាស្រ័យ និងការពារសុវត្ថិភាពតាមដងផ្លូវ និងរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ ដើម្បីសម្រួលដល់ការធ្វើដំណើរ ជូនក្បូនរថយន្ដរបស់គណៈប្រតិភូ និងភ្ញៀវទេសចរនានា។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានក្រើនរំលឹកឲ្យកម្លាំងត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយប្រើប្រាស់គ្រប់វិធានការជាសារវ័ន្ដ និងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីរក្សាការពារ សន្ដិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ។

កម្លាំងគ្រប់ថ្នាក់ ត្រូវធានាបរិមាណកម្លាំងគ្រប់គ្រាន់ក្នុងកិច្ចប្រតិបត្តិការ ដោយលើកកម្ពស់ស្មារតីទទួលខុសត្រូវ គោរព និងអនុវត្តតាមបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ក្នុងពេលបំពេញភារកិច្ច។ ជាមួយគ្នានោះ ត្រូវមានឯកសណ្ឋានឲ្យបានត្រឹមត្រូវសមរម្យ និងមានអាកប្បកិរិយាប្រកបដោយសុជីវធម៌។

គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ជុំ ទី២ នៅខេត្តកំពត នឹងចាប់ដំណើរការប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងរយៈពេល ៣ថ្ងៃ ហើយយកថ្ងៃទី២១ បើកអង្គពិធីជាផ្លូវការក្រោមអធិបតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕