(ភ្នំពេញ)៖ លោក សេង ពិសិដ្ឋ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អនុស្សា និងជាប្រធាននៃអ្នករៀបចំសន្និសីទ «រៀនធ្វើជំនួញ» លើកទី៤ បានឱ្យដឹងថា ការៀបចំសន្និសីទនេះ គឺដើម្បីចង់ឱ្យអ្នកដែលមានបំណងចង់ធ្វើជំនួញបានទទួលយកព័ត៌មាន និងគន្លឹះសំខាន់ៗពីទីផ្សារនៃអាជីវកម្ម ដែលអ្នកចាប់អារម្មណ៍ ជាពិសេសបានស្គាល់ និងយល់ដឹងពីបទពិសោធន៍ មេរៀនដែលបានឆ្លងកាត់ ទស្សនៈវិស័យទាក់ទងនឹងការរកស៊ី និងចក្ខុវិស័យអំពីបរិបទ ទីផ្សារនៃវិស័យនីមួយៗ ទៅថ្ងៃអនាគត ពីម្ចាស់អាជីវកម្មក្នុងវិស័យធំៗ សម្រាប់ត្រៀមខ្លួនឱ្យបានរួចរាល់មុននឹងបើកអាជីវកម្មផ្ទាល់ខ្លួន។
លោក សេង ពិសិដ្ឋ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលបានអញ្ជើញបើកសន្និសីទ «រៀនធ្វើជំនួញ»លើកទី៤នេះ ដែលបាន រៀបចំឡើងនៅនៅសាលាអន្ដរជាតិ SCIA ដោយមានការចូលរួមពីវាគ្មិនកិត្តិយស១២រូប ចូលរួមជជែកពិភាក្សាពីគន្លឹះសំខាន់ៗតាមរយៈការធ្វើបទបង្ហាញ ជូនទៅដល់អ្នក ចូលរួមប្រមាណជិត ៤០០នាក់ផងដែរ។
លោក សេង ពិសិដ្ឋ បានឱ្យដឹងទៀតថា សន្និសីទនេះគឺដើម្បីជំរុញឱ្យអ្នកដែលមានភាពរួចរាល់ និងអ្នកដែលសមនឹងការធ្វើជំនួញអាចចេញទៅធ្វើជំនួញកាន់តែបានល្អ និងមានប្រសិទ្ធភាពជាងមុន និងបានរួចរាល់ជាមួយខ្លួនឯងជាងមុន មុនការចាប់បើកអាជីវកម្មផ្ទាល់ខ្លួន។ ក្នុងនោះដែរក៏មិនប្រាកដថា ដើម្បីភាពមានបាន គឺត្រូវតែធ្វើជំនួញនោះដែរ ពីព្រោះតែដើម្បីអាចធ្វើជំនួញបាន គឺត្រូវតែទាមទារឱ្យបុគ្គលម្នាក់ បានត្រៀមខ្លួនជាមុនឱ្យបានរួចរាល់ទើប អាចដំណើរការបានដោយជោគជ័យ។
លោកបានបញ្ជាក់ទៀតថា ការធ្វើជំនួញគឺជាការប្តូរនូវតម្រូវការរបស់មនុស្សម្នាក់ៗ ហើយមិនមានការធ្វើជំនួញណាដែលដើម្បីចង់គ្រប់គ្រងដោយខ្លួនឯង និងមិនខ្វល់ ពីអ្នកដ៏ទៃនោះទេ។ ការធ្វើជំនួញមិនមានងាយស្រួលនោះទេ ពេលខ្លះក៏អាចបានជោគជ័យ និងពេលខ្លះក៏អាចបរាជ័យដែលក្នុងនោះអ្នកដែលធ្វើជំនួញគឺទាមទារ ឱ្យយើងចេះប្រើប្រាស់ជំនាញរបស់យើងឱ្យបានច្រើន និងទាមទារឱ្យយើងត្រៀមដើមទុនឱ្យបានច្រើនផងដែរ ទើបយើអាចធ្វើវាបានដោយមិនជួយប្រទះនឹងហារនិភ័យ។
សូមបញ្ជាក់ដែរថា វាគ្មិនកិត្ដិយសទាំង១២រូប ដែលចូលរួមជជែកពិភាក្សាពីគន្លឹះសំខាន់ៗ តាមរយៈការធ្វើបទបង្ហាញ នឹងចូលរូមចែករំលែកពីគន្លឹះសំខាន់ៗ ពីការស្គាល់ ទីផ្សារឱកាសហានិភ័យ និងការដោះស្រាយការចម្លងក្នុងអាជីវកម្មនីមួយៗ ដើម្បីបានយល់ដឹងពីម៉ូដែលនៃអាជីវកម្ម និងយុទ្ធសាស្ត្រទីផ្សារ ក្នុងការបង្កើតអតិថិជន ឱ្យបានជោគជ័យរួមជាមួយកិច្ចពិភាក្សាតុមូលមានដូចជា៖
* ទី១៖ លោក សោម សម្បត្ដិ អគ្គនាយកក្រុមហ៊ុន ថ្នាំពណ៌ជាតិ (វិស័យផលិតកម្ម)
* ទី២៖ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុងប្ញទ្ធីគ្រុប (វិស័យកសិកម្ម)
* ទី៣៖ លោក ទិត សុធារ៉ា អគ្គនាយកក្រុមហ៊ុន Noir Coffee (វិស័យកាហ្វេ)
* ទី៤៖ លោក ម៉ៅ វិបុល អគ្គនាយកក្រុមហ៊ុន Pheapbol's Brewhouse (វិស័យកាហ្វេ)
* ទី៥៖ លោក សុវណ្ណ បូរ៉ា ប្រធានគ្រប់គ្រងក្រុមហ៊ុន CAFFA Phnom Penh (វិស័យកាហ្វេ)
* ទី៦៖ លោក បេ ចន្ត្រា ប្រធានគ្រប់គ្រង BarCamp ASEAN (វិស័យព័ត៌មានវិទ្យា)
* ទី៧៖ លោក សាយ សុខខេង ស្ថាបនិកក្រុមហ៊ុន DFDL (វិស័យហិរញ្ញវត្ថុ)
* ទី៨៖ លោក ហៃ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch (វិស័យនាំចូលនិងចែកចាយ)
* ទី៩៖ លោក កែវ ឡុងឌី អគ្គនាយកក្រុមហ៊ុន Sromoch Trading Solution (វិស័យនាំចូលនិងចែកចាយ)
* ទី១០៖ លោក រិន ស៊ីណា អគ្គនាយកក្រុមហ៊ុន Asia Point Construction (វិស័យវិស្វកម្ម)
* ទី១១៖ លោក លី សុវណ្ណដារ៉ុង អគ្គនាយកក្រុមហ៊ុន ស្រមោល អាឃីធេក-Sromal Architects (វិស័យស្ថាបត្យកម្ម)
* ទី១២៖ លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុន Pointer (វិស័យអចលនទ្រព្យ) ៕