(បាត់ដំបង)៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្មវិធី Road Care Mobile App នឹងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញឱ្យពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ បានចូលរួមក្នុងការថតរូបផ្លូវ ដែលមានជង្ហុកសំបុកមាន់ បញ្ជូនមកក្រុមការងារជំនាញរបស់ក្រសួងដើម្បីចាត់វិធានការដោះស្រាយ ឱ្យបានទាន់ពេលវេលា និងដើម្បីជាការចូលរួមថែរក្សាដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាធារណៈ ឱ្យបានកាន់តែល្អប្រសើរ និងជាការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀតផងដែរ។។។

លោក យិត បុណ្ណា បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីក្នុងកម្មវិធី បិទយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវថ្នល់ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលបានរៀបចំឡើងនៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង។

លោក យិត បុណ្ណា បានឱ្យដឹងថា កម្មវិធីថែទាំផ្លូវ ROAD CARE Mobile App គឺជាកម្មវិធីបច្ចេកវិទ្យាសម្រាប់ទំនាក់ទំនង រវាងមន្ត្រីជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ដែលបានផ្តួចផ្តើមឡើងដោយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសម្រួលដល់ការ បំពេញបន្ថែមលើយន្តការតាមដាន ប្រមូលព័ត៌មាន និងដោះស្រាយលើបញ្ហាថែទាំផ្លូវ រួមជាមួយសំណុំព័ត៌មានផ្តល់ដោយអ្នកប្រើប្រាស់ផ្លូវថ្នល់។

លោក យិត បុណ្ណា បានបន្ថែមទៀតថា ដើម្បីឆ្លើយតបទៅនឹងសេវាដឹកជញ្ជូន ជូនប្រជាជនឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ គ្រប់មន្ទីរអង្គអនុវត្តការងារថែទាំប្រចាំ ត្រូវគោរពគោលការណ៍បច្ចេកទេស សម្រាប់ការជួសជុលថែផ្លូវថ្នល់ ឱ្យបានខ្ជាប់ខ្លួន និងត្រឹមត្រូវជាដាច់ខាត និងត្រូវយកចិត្តដាក់ដោះស្រាយបញ្ហា ដែលបានរាយការណ៍ ដោយប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ និងត្រូវអនុវត្តការងារជួសជុលថែទាំផ្លូវនេះ ឱ្យបានកាន់តែប្រសើរឡើង និងចាំបាច់ត្រូវទទួលបាន ការបណ្តុះបណ្តាលជាប្រចាំ ដើម្បីឱ្យមានការយល់ដឹងបន្ថែមទៀត ទៅលើការងារជួសជុលថែទាំផ្លូវថ្នល់ ឱ្យបានតាមវិធីសាស្ត្រត្រឹមត្រូវ ដែលជាកត្តាគន្លឹះដ៏សំខាន់ ដើម្បីធានានិរន្តភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅកម្ពុជាឱ្យមានប្រសិទ្ធភាព។

លោកបានបន្ថែមទៀតថា ទោះបីជាយុទ្ធការផ្សព្វផ្សាយនេះត្រូវបានបញ្ចប់ តែការងារពិនិត្យតាមដាន និងជួសជុលថែទាំផ្លូវរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងសមត្ថកិច្ច ដែលពាក់ព័ន្ធនឹងផ្លូវថ្នល់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ត្រូវតែបន្តចូលរួមយ៉ាងសកម្មក្នុងស្មារតីសាមគ្គីភាព និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលបានរាយការណ៍តាមរយៈកម្មវិធី ROAD CARE Mobile App និងតាមប្រភពនានា សំដៅជំរុញការអភិវឌ្ឍប្រទេសជាតិមាតុភូមិ របស់យើងឱ្យកាន់តែមានភាព រីកចម្រើនមួយកម្រិតថែមទៀតផងដែរ។

លោក យិត បុណ្ណា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់គ្រប់នាយកដ្ឋាន ក្រោមចំណុះអគ្គនាយកដ្ឋានសាធារណការ និងមន្ទីរសាធារណការ និងដឹកជញ្ជូន ២៥រាជធានី-ខេត្ត ដែលបានឆ្លើយតបទៅតាមតម្រូវការ និងសំណើរ របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈកម្មវិធី ROAD CARE Mobile App នាពេលកន្លងមក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ផ្លូវថ្នល់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការថត
រូបបញ្ជូនរបាយការណ៍មកក្រុមការងារជំនាញរបស់ក្រសួង ដើម្បីចាត់វិធានការដោះស្រាយបញ្ហាជង្ហុកសំបុកមាន់ បានទាន់ពេលវេលាផងដែរ៕