(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានលើកឡើងក្នុងកិច្ចសម្ភាសពិសេសមួយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ថា កម្ពុជាត្រូវការអភិក្រមនៃការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន គ្រឹស្ថានសិក្សា ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍ (participatory approach) ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ស្របតាមបដិវត្តន៍ឧស្សាហកម្ម៤.០។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា ដើម្បីឲ្យស្រប ទទួលដាក់គោលដៅទៅជាមួយគ្នា ជាមួយភាគីពាក់ព័ន្ធទាំងអស់ (រដ្ឋ ឯកជន អង្គការ/សមាគម/ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋ) យើងត្រូវការពិភាក្សាគ្នាជាប្រចាំឲ្យចំចំណុចឯកភាពថាយើងចង់ទៅណា?...គឺថាការប្រើប្រាស់ឱកាស បានមកពីបដិវត្តន៍ឧស្សាហកម្ម៤.០ ទៅជ្រុងខាងណា ដែលយើងគួរតែផ្តោតអារម្មណ៍»។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ផងដែរថា កម្ពុជាត្រូវការចាំបាច់មានការឯកភាពចំពោះទស្សនៈនេះ ដើម្បីអនាគត។ រាជរដ្ឋាភិបាលត្រូវដើរតួនាទីចាំបាច់ក្នុងការផ្ដល់បរិយាកាស ហើយដឹកនាំ ណែនាំ តម្រង់ទិសទាំងក្របខណ្ឌគោលនយោបាយផង និងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធផង ដើម្បីឲ្យយើងមានបរិយាកាសមួយ ដើម្បីលូតលាស់ទៅដល់នោះ។
សម្រាប់វិស័យឯកជន វិញ លោក ហ៊ុន ម៉ា នី ដែលជា ប្រធាន គណៈកម្មកា ទី ៧ នៃ រដ្ឋសភា បានថ្លែងថា «វិស័យឯកជនត្រូវដើរតួនាទីរបៀបម៉េច? ដើម្បីឲ្យតម្រង់ទិសទៅលើការវិនិយោគរបស់ខ្លួន ទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិស័យរបស់ខ្លួន ក្នុងការបណ្តុះបណ្តាលជំនាញបន្ថែមចំពោះបុគ្គលិករបស់ខ្លួន ដែលយើងហៅថា Skilling, Re-skilling, Upskilling ដើម្បីឲ្យចេះប្រើប្រាស់សមត្ថភាព និងបច្ចេកវិទ្យាទាំងអស់»។
លោក បានគូសបញ្ជាក់ថា សម្រាប់គ្រឹះស្ថានអប់រំ ក៏ដូចជាអង្គការដៃគូ ត្រូវចូលរួមផ្សព្វផ្សាយអប់រំ យើងអាចនិយាយថា ក្នុងមួយផ្នែកនោះ គឺ អក្ខរកម្មឌីជីថល (Digital Literacy) តើយើងចូលរួមយ៉ាងណា?
លោកបន្តទៀតថា លើសពីនេះថែមទៀតភាគីទី៤ គឺ ប្រជាពលរដ្ឋខ្លួនឯង ជាពិសេសប្រជាពលរដ្ឋវ័យក្មេងរបស់យើងត្រូវការចូលរួម យល់ និងគាំទ្រធ្វើយ៉ាងណាដើម្បីឱ្យជោគជ័យ...ភាគីទាំងបួននេះ យើងរំពឹងទុក និងស្រមើស្រមៃថា មជ្ឈមណ្ឌលកម្ពុជា ៤.០ នឹងអាចផ្ដល់ជាទីកន្លែងមួយ ដែលយើងអាចពិភាក្សាគ្នាជាប្រចាំ...ជា Open House ដើម្បីឲ្យប្រជាជនវ័យក្មេងរបស់យើង អាចស្វែងយល់បន្ថែម ថាតើអ្វីទៅជាបដិវត្តន៍ឧស្សាហកម្ម និងបច្ចេកវិជ្ជាគេចែកទៅជាអ្វីខ្លះ ដើម្បីជាការជួយតម្រង់ទិសរបស់គាត់ទៅខាងមុខផងដែរ…..ជាទីតាំងមួយក្នុងការប្រមូលផ្តុំនៃគំនិត យើងសម្រេចទាំងអស់គ្នា ពិភាក្សាទាំងអស់គ្នា ដើម្បីទៅចំណុចណា?៕