Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំពីការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម ក្រោយដកចេញពីវិក្កយបត្រអគ្គិសនីកម្ពុជា (Video inside)

16-12-2019 12:35

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែធ្នូនេះ បានចេញសេចក្តីណែនាំ ស្តីពីការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល។

ក្នុងសេចក្តីណែនាំបានបញ្ជាក់ថា អនុលោមតាមបទបញ្ជារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា, រដ្ឋបាលរាជធានីភ្នំពេញបានបង្កើត រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ដែលមានភារកិច្ចទទួលបន្ទុកលើការគ្រប់គ្រងការផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម និង
សំណល់រឹងថ្មី និងការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយមិនដាក់ក្នុងវិក្កយបត្រអគ្គិសនីទៀតទេ។

រដ្ឋាបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ក្នុងអំឡុងពេលអន្តរកាល គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេលបង្កើតបាន និងដាក់
ឱ្យដំណើរការពេញលេញ នូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី ក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង
តទៅទៀតទេ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមរក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្បន្នជាបណ្តោះអាសន្នសិន និងសូមប្រជាពលរដ្ឋប្រើប្រាស់អត្រាតម្លៃ សេវាប្រមូលសំរាម និងសំណល់រឹងដែលបានបង់រួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន ដើម្បីបន្តបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្នុងអំឡុងពេលអន្តរកាលនេះ។

ដើម្បីទំនើបកម្មសេវាសាធារណៈ និងសម្រួលដល់ការបង់ថ្លៃប្រើប្រាស់សេវាឱ្យបានគ្រប់ទីកន្លែង រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការចេញ និងចែកវិក្កយបត្រប្រមូលថ្លៃសេវាសំរាម និងសំណល់រឹងជាក្រដាស ដូចដែលធ្លាប់ភ្ជាប់ជាមួយវិក្កយបត្រអគ្គិសនី ហើយនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង់ទូទាត់ តាមមធ្យោបាយអេឡិចត្រូនិកជំនួសវិញដូចខាងក្រោម៖

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ អតិថិជនត្រូវបង់ថ្លៃសេវាប្រចាំខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ (ឧទាហរណ៍សម្រាប់ថ្លៃសេវាប្រចាំខែមករា ឆ្នាំ២០២០ អតិថិជនត្រូវបង់ថ្លៃសេវាពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ខែកុម្ភៈ) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ហារទូទាត់នៅធនាគារ ACLEDA ឬ eMONEY, Lyhour Weiluy, Pi Pay, True Money និង Dara Pay ជាដើម។ អតិថិជនក៏អាចជ្រើសរើសបង់ថ្លៃសេវា សម្រាប់ច្រើនខែទុកជាមុនបានផងដែរ ដោយប្រព័ន្ធទូទាត់នឹងធ្វើការកាត់កង និងបង្ហាញសមតុល្យទឹកប្រាក់នៅសល់ ជាស្វ័យប្រវត្តិជារៀងរាល់ខែ៕

ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំរ បស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង៖