(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅសម្ពោធផ្សារព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តត្បូងឃ្មុំ ដែលជាអតីតសមរភូមិប្រយុទ្ធរបស់សម្តេច នៅឆ្នាំ១៩៧១ និងធ្លាប់បានវាយប្រហារគ្នាប្រមាណ២០លើក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ពីតំបន់ដែលធ្លាប់វាយគ្នា ឥឡូវកា្លយជាតំបន់ដែលមានការដាំដុះ ដែលមានទីផ្សារ។ ថ្ងៃទី២៤ ខាងមុខខ្ញុំទៅសម្ពោធផ្សារព្រំដែនកម្ពុជា-វៀតណាម។ កន្លែងហ្នឹងហើយ ជាកន្លែងដែលខ្ញុំវាយគ្នាប្រហែលជា ២០លើក ជាមួយកងទ័ពវៀតណាមខាងត្បូង និងកងទ័ពអាមេរិក ដែលចូលឈ្លានពានទឹកដីរបស់យើង នៅឆ្នាំ១៩៧១ តាមដងផ្លូវជាតិលេខ៧។ ប៉ុន្តែឥឡូវ វាមិនមែនជាកន្លែងវាយគ្នានទេ គឺជាទីផ្សារ។ តំបន់នៅក្បែរព្រំដែនទាំងអស់ ទាំងព្រំដែនជាមួយវៀតណាម ទាំងព្រំដែនជាមួយថៃ ឥឡូវសុទ្ធតែសម្បូរទៅដោយអគារខ្ពស់ៗ តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស»។
សម្តេចតេជោ បានថ្លែងបន្តថា គោលបំណងរបស់សម្តេចក្រោយដាក់ចេញនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមហើយនោះ គឺការបិទបញ្ចប់ភ្លើងសង្គ្រាមនៅតាមព្រំដែន និងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ ដោះដូរទំនិញជាដើម។ សម្តេច បានថ្លែងថា ការប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជាអ្វីដែលសម្តេចចង់បាន។
សម្តេចបន្ថែមថា នយោបាយឈ្នះ-ឈ្នះ គឺជាឱសថទិព្វក្នុងការបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងនាំមកនូវការឯកភាពជាតិទាំងមូល។ សម្តេចថ្លែងថា នៅលើពិភពលោកនេះមិនទាន់មានប្រទេសណាមួយ ដែលអាចបញ្ចប់សង្គ្រាម នាំមកនូវការបង្រួបបង្រួមដូចកម្ពុជានោះឡើយ។
លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា លោក ខៀវ សំផន ជាមនុស្សដែលជេរសម្តេចខ្លាំងជាងគេ តែទីបំផុតនៅខែធ្នូ ឆ្នាំ១៩៩៨ លោកបាននាំភរិយា និងនាំកូនទៅទទួលទានអាហារនៅផ្ទះសម្តេច ហើយសម្តេចបានផ្តល់ថវិកាមួយគ្រួសារប្រមាណ ១ម៉ឺនដុល្លារអាមេរិក ដើម្បីកសាងជីវភាព។
«ខ្ញុំយកពេលវេលាដែលប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រី ខៀវ សំផន, ប្រធានសភា នួន ជា និងគណៈរដ្ឋមន្ត្រីទាំងមូលរបស់ខ្មែរក្រហម មកចុះចូលដល់ផ្ទះរបស់ខ្ញុំ។ នៅលើពិភពលោក អត់ទាន់មានសង្គ្រាមណាមួយ ដែលបញ្ចប់តាមបែបកម្ពុជាទេ។ ដែលឃើញប្រទេសណា មេដឹកនាំឧទ្ទាម មកចុះចូលដល់ផ្ទះ? មានតែសម្លាប់គ្នា មានតែចាប់ មានតែរត់គេចខ្លួន ប៉ុន្តែនៅកម្ពុជា...»។ សម្តេចគូសបញ្ជាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ប្រទេសមួយអាចរីកចម្រើនទៅបានត្រូវមានស្ថិរភាពផ្ទៃក្នុង ហើយមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ទើបមានរយៈពេល ២១ឆ្នាំប៉ុណ្ណោះ ដែលកម្ពុជាទទួលបានសន្តិភាព និងឯកភាពជាតិទាំងស្រុង ហើយបានក្លាយជាប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ បើគ្មានសន្តិភាព គ្មានឯកភាពជាតិនេះ មិនមានការអភិវឌ្ឍនោះឡើយ៕