(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការរៀបចំសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម ដែលធ្វើឡើងនៅខេត្តស្វាយរៀង នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចផ្ទាល់ ដែលធ្វើឡើងក្នុងគោលបំណងត្រៀមសហការជួយប្រជាពលរដ្ឋនៅតាមព្រំដែន ក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ។

ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងសមយុទ្ធនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នៅក្នុងពិធីនោះ សម្តេចបានលើកឡើងអំពីការកើតឡើងករណីគ្រោះមហន្តរាយ រញ្ជួយដី នៅតាមព្រំដែន បណ្តាប្រទេសអាស៊ានមួយចំនួន ហើយបញ្ជាក់ថា ករណីនេះសុទ្ធតែមិនអាចព្យាករណ៍បាន ដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀត ត្រូវតែត្រៀមលក្ខណៈជាមុន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «នេះ(សមយុទ្ធ) ជាគំនិតផ្តួចផ្តើមរបស់ ហ៊ុន សែន តែម្តង ព្រោះខ្ញុំចង់ការពារប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់។ កន្លែងណាដែលយើងអាចចូលទៅបាន ហើយវៀតណាមគេនៅឆ្ងាយ ឯយើងនៅជិតយើងនឹងជួយ ឧទាហរណ៍ករណីភ្លើងឆេះព្រៃ ហើយវៀតណាមគេមិនចោទថាយើងឈ្លានពានគេទេ ថៃក៏គេមិនចោទថាយើងឈ្លានពានគេទេ ឡាវក៏គេមិនចោទយើងឈ្លានពានគេទេ ប៉ុន្តែបើករណីភ្លើងឆេះព្រៃរាលដាលពីខាងនោះមក គេមកតាមជួយ យើងក៏មិនចោទថាគេឈ្លានពានដែរ»

ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម នឹងរៀបចំលំហាត់សង្គ្រោះគ្រោះមហន្តរាយរួមគ្នាមួយ មានរយៈពេល១ថ្ងៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងភូមិទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ការធ្វើលំហាត់យោធានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជា គ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យមានការរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា សមយុទ្ធកម្ពុជា-វៀតណាមនាពេលនេះ ក៏ជាការបង្កើននូវការជឿទុកចិត្តគ្នាទៅវិញទៅមកផងដែរ ហើយកម្ពុជា មិនមែនធ្វើតែជាមួយប្រទេសវៀតណាមនោះទេ ក៏ធ្វើជាមួយប្រទេសជិតខាងផ្សេងទៀតដូចជាប្រទេសថៃ និងឡាវផងដែរ។

បន្ទាប់ពីដាក់ឱ្យអនុវត្តនយោបាយឈ្នះឈ្នះចប់ សម្តេចតេជោ ហ៊ុន សែនមានគោលដៅធំ២សំខាន់ ក្នុងនោះគឺប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យក្លាយទៅជាទីផ្សារ និងអភិវឌ្ឍ និងកែប្រែតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការអភិវឌ្ឍ។ សម្តេចថ្លែងថា ប្រទេសដែលមានការរីកលូតលាស់ កឺរក្សាបាននូវគោលដៅ២នេះ គឺទី១ ស្ថិរភាពផ្ទៃក្នុងល្អ និងទី២ ទំនាក់ទំនងជាមួយប្រទេសជិតខាងល្អ។ ចំណែកម្ពុជា ដោយសារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងព្រំដែនល្អនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្ពុជា-ថៃ កើតដល់ជិត៧ពាន់លាន និងទំហំពាណិជ្ជកម្មជាមួយវៀតណាម កើនដល់ជិត៥ពាន់លាន៕