(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងទទូចដោយសំណូមពរដល់គ្រូពេទ្យទាំងអស់ ទាំងនៅមន្ទីរពេទ្យរដ្ឋ និងឯកជន សូមគោរពនូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យល្អ ត្រូវគិតពីតម្លៃជីវិតមនុស្សធំជាងលុយ ទោះបីប្រជាពលរដ្ឋដែលមកព្យាបាលជំងឺគ្មានប្រាក់ ត្រូវពិនិត្យព្យាបាលជូនពួកគាត់ ដោយយកចិត្តទុកដាក់ខ្ពស់ ជាមួយពាក្យសំដីសមរម្យ។
ការអំពាវនាវរបស់សម្តេចតេជោយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ទន្ទឹមនឹងមានវឌ្ឍភាព យើងក៏ត្រូវទទួលស្គាល់នៅការខ្វះខាត ដែលជាការត្អូញត្អែររបស់ប្រជាពលរដ្ឋរបស់យើងនោះ គឺក្រមសីលធម៌វិជ្ជាជីវៈ។ ចំណុចនេះគឺជាចំណុច ដែលគ្រូពេទ្យទាំងអស់ ត្រូវតែផ្លាស់ប្តូរឥរិយាបទ ការពិតណាស់ភាគច្រើណាស់ហើយដែលបានធ្វើ ប៉ុន្តែនៅចំនួនតិចតួចទេ ដែលតិចតួចនេះហើយ បង្កើតជាពាក្យសំដី ដែលពាក្យគេថា ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់។ ចំណុចនេះហើយ ដែលខ្ញុំអំពាវនាវឲ្យមន្ត្រីសុខាភិបាល ឲ្យគ្រូពេទ្យរបស់យើងយកចិត្តទុកដាក់ ទៅលើពាក្យសំដី ឥរិយាបទដែលប្រព្រឹត្តចំពោះអ្នកជំងឺ ហើយគ្មានការរើសអើងបែងចែកនោះទេ ជីវិតមនុស្សមិនថាមាន មិនថាក្រ គឺជាជីវិតមួយដូចគ្នា ហើយអ្នកក្រយើងត្រូវតែយកចិត្តទុកដាក់ថែមទៀត ដោយសារតែគាត់ក្រហើយទើបគាត់មករកយើង»។
សម្តេចបានសង្កត់ធ្ងន់ថា «ទោះបីគ្រូពេទ្យក្នុងផ្នែករដ្ឋ ឬគ្រូពេទ្យក្នុងវិស័យឯកជន កុំយកលុយជាធំ ត្រូវយកជីវិតប្រជាជនធ្វើជាធំ រឿងលុយរឿងកាក់ទុកក្រោយ ធ្វើម៉េចដោះស្រាយបញ្ហា ព្យាបាលឲ្យគាត់សិន កុំឃើញថាគាត់អត់មានប្រាក់ ត្រូវឲ្យបញ្ជូនទៅកន្លែងផ្សេង។ អារឿងដណ្តើមគ្នានៅកន្លែងហ្នឹង អ្នកដែលអត់មានប្រាក់ឲ្យទៅកន្លែងផ្សេង អ្នកដែលមានប្រាក់ដណ្តើមគ្នាទុក»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបញ្ហាវិជ្ជាជីវៈក្រមសីលធម៌ ឥរិយាបទ និងពាក្យសំដីរបស់គ្រូពេទ្យ ចំពោះអ្នកជំងឺមិនបានកែប្រែទេ កុំថាឡើយបំពាក់សម្ភារ ឧបករណ៍បច្ចេកទេសរាប់ពាន់លានដុល្លារថែមទៀតក្តី ក៏តែមានបញ្ហាពាក្យសំដីត្អូញត្អែរ ពីប្រជាពលរដ្ឋដដែលជាដដែល។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា ចំពោះបញ្ហាក្រមសីលធម៌វិជ្ជាជីវៈនេះ គ្រូពេទ្យភាគច្រើនណាស់ហើយបានកែប្រែ និងផ្តាល់ប្តូរឥរិយាបទមិនល្អចំពោះអ្នកជំងឺ ព្រោះតែអ្នកជំងឺត្រូវការថ្នាក់ថ្នមខ្លាំងណាស់។ ជាមួយគ្នានេះ សម្តេចតេជោបានបង្ហាញនូវការជឿជាក់ថា គ្រូពេទ្យដែលនៅសេសសល់មួយចំនួនតូច នឹងកែប្រែ និងផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនបានល្អ និងគោរពវិជ្ជាជីវៈជាគ្រូពេទ្យ ដើម្បីសង្គ្រោះជីវិតមនុស្ស។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកជាថ្មីរឿងសំណើសុំឱ្យពិនិត្យសុខភាពសម្រាប់មន្ត្រីប្រឡង ចូលក្របខណ្ឌនៅក្រសួងសុខាភិបាល ដោយសម្តេចបញ្ជាក់ថា បើសម្តេចឯកភាពលើសំណើនេះ គឺនឹងក្លាយទៅជាសំបុកនៃការប្រព្រឹត្តអំពើពុករលួយ ដូច្នេះហើយទើបសម្តេចទាត់ចោលសំណើនេះ៕