(ភ្នំពេញ)៖ បន្ទាប់ពីមានការថ្កោលទោសយ៉ាងខ្លាំង ពីប្រធានទីភ្នាក់ងារទេសចរណ៍ ចំពោះជនបរទេសម្នាក់ ដែលមកដល់កម្ពុជា ហើយបង្ហោះវីដេអូរិះគន់កម្ពុជា ដោយបំភ័យភ្ញៀវទេសចរកុំឲ្យមកលេងកម្ពុជានោះ, នៅពេលនេះ លោក យូរ៉ាយ (Uriah Lyford) ដែលជាគ្រូបង្រៀនស្ម័គ្រចិត្តជនជាតិអាមេរិក ស្រឡាញ់កម្ពុជាមួយរូប បានចេញវីដេអូប្រតិកម្មខ្លាំងៗ ទៅលើបុរសជនបរទេសនោះ និងស្នើឲ្យសមត្ថកិច្ចប្រមូលភស្តុតាង ដើម្បីប្តឹងបុរសជនបរទេសដែលល្មោភតណ្ហារូបនោះ។
តាមវីដេអូរបស់លោក យូរ៉ាយ, ជនបរទេសដែលមកដល់រាជធានីភ្នំពេញ ហើយរិះគន់កម្ពុជា ព្រោះរកនារីបម្រើតណ្ហាមិនបាននោះ ជាជនជាតិអ៊ីរ៉ង់ (Iran) ហើយកំពុងរស់នៅប្រទេសហូឡង់ ហើយមូលហេតុដែលជនបរទេសរូបនោះ បង្ហោះវីដេអូថា «កុំមកកម្ពុជា» គឺដោយសារតែរូបគេរកស្ត្រីខ្មែរ សម្រាប់បោកប្រាស់មិនបាន ខណៈដែលរូបគេធ្លាប់បានបោកនារីជនជាតិហ្វីលីពីន និងថៃជាច្រើនរូបដេកជាមួយគេរួចហើយ។
តាមរយៈវីដេអូនេះលោក យូរ៉ាយ បានកោតសរសើរនារីខ្មែរ ដែលអត់បានចាញ់ល្បិចរបស់ជនបរទេសរូបនោះ ព្រោះនៅកម្ពុជាមិនអនុញ្ញាតឲ្យមាន សេវាទេសចរណ៍ផ្លូវភេទ ដោយប្រទេសដទៃនោះទេ។ ជាមួយគ្នានេះ លោក យូរ៉ាយ ក៏បានស្នើឲ្យអាជ្ញាធរសមត្ថកិច្ច ចាត់វិធានការចំពោះបុគ្គលម្នាក់នោះ និងស្វែងរកភស្តុតាងបន្ថែមទៀត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ កុំឲ្យបុគ្គលនោះដើរប្រព្រឹត្តអំពើខុសឆ្គងបែបនេះទៀត។
លោក យូរ៉ាយ និយាយថា «ប្រសិនបើបរទេសមកកម្ពុជា ដើម្បីមកលេង មកទស្សនាអង្គរ មកភ្លក្សម្ហូបខ្មែរឆ្ងាញ់ប៉ុណ្ណា OK ! សូមស្វាគមន៍។ ប៉ុន្តែប្រសិនបើបរទេសណាម្នាក់ មកដើម្បីរំលោភបំពាននារីៗខ្មែរ ឬរកទេសចរណ៍ផ្លូវភេទ យើងមិនចង់បានទេ»។
សូមជម្រាបថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានចេញមកធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះជនបរទេសរូបនោះ និងចាត់ទុកថាទង្វើរបស់ជនបរទេសរូបនោះ ព្រោះតែស្វែងរកសេវាបម្រើតណ្ហាផ្លូវភេទ មិនបានទើបធ្វើបែបនេះ។
ជាមួយគ្នានេះ លោកស្រី ស៊ីវលីន បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចតាមរកជនបរទេសរូបនោះ មកឲ្យសូមទោសដល់ប្រជាជនខ្មែរទូទាំងប្រទេស និងព្រមានផ្ញើរូបថតបុគ្គលនោះ ទៅបណ្តាប្រទេសអាស៊ាន កុំឲ្យអនុញ្ញាតជនបរទេសនោះចូលប្រទេសគេឲ្យសោះ។
ប្រធានសមាគមរូបនេះសង្កត់ធ្ងន់ថា «ខ្ញុំសូមឲ្យស្ថាប័នមានសមត្ថកិច្ច តាមរកអត្តសញ្ញាណបុគ្គលម្នាក់នេះ ឲ្យធ្វើការសុំទោសពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ខ្ញុំនឹងបញ្ជូនរូបភាពបគ្គលនេះ ទៅដល់ប្រទេសនៅក្នុងអាស៊ាន ដើម្បីឲ្យគេមានការប្រុងប្រយត្ន័ ក្នុងការអនុញ្ញាតិឲ្យចូលក្នុងប្រទេសដ៏មានកិត្តិយសរបស់គេ»។
សូមជម្រាបថា លោក យូរ៉ាយ ជាជនជាតិអាមេរិក ហើយលោកត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនស្ម័គ្រចិត្ត កំពុងបំពេញភារកិច្ចផ្នែកអប់រំក្នុងសហគមន៍មួយនៅកម្ពុជា នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អស់រយៈពេលជាង១០ឆ្នាំមកហើយ៕