(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាថ្នាលបណ្តុះបណ្តាលនាំមុខគេបង្អស់នៅកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល និងដែលបានទទួលស្គាល់លើឆាកអន្តរជាតិ។ បន្ថែមពីលើការកែលម្អកម្មវិធីសិក្សា ឱ្យទៅជាកម្មវិធីសិក្សាមួយដែលផ្អែកលើកសមត្ថភាពស្នូលជាគោល តាមរយៈការអនុវត្តផ្ទាល់ក្នុងមន្ទីរពិសោធន៍ បង្ហាញត្រាប់ទំនើប មុននឹងឲ្យនិស្សិតចេញទៅអនុវត្តនៅតាមមន្ទីរពេទ្យ។
សាកលវិទ្យាល័យបានធ្វើទំនើបកម្មលើការវាយតម្លៃសមត្ថភាពនិស្សិត ប្រកបដោយគុណភាព និងតម្លាភាព ដោយបានរៀបចំឲ្យមានការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិច។ ទន្ទឹមនឹងនេះដែរ សាកលវិទ្យាល័យក៏បានពង្រីកហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាឱ្យការបណ្តុះបណ្តាលនិស្សិតឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសរុបចំនួន ២៧,៥៥៩នាក់។
សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៩៧៨នាក់ ទៅធ្វើកម្មសិក្សា និងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិត
នៅប្រទេសបារាំង អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ និង បែលហ្សិក ផងដែរ។ តាមការស្ទង់មតិរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០១៩នេះ បានបង្ហាញថា អ្នកមានការងារធ្វើមានចំនួន៩៣%។
ក្នុងឆ្នាំសិក្សា២០១៨-២០១៩កន្លងមកនេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមាន គណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ ចំនួន ២ ១៩៧នាក់ និងមាននិស្សិតកំពុងសិក្សាចំនួន ៥,៥១៣នាក់។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រនៅនេះ ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការវាយតម្លៃខ្ពស់ចំពោះវិស័យសុខាភិបាល ដែលជាវិស័យអាទិភាពមួយ នៅក្នុងចំណោមអាទិភាពនានា នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
វត្តមានដ៏ខ្ពង់ខ្ពស់នាពេលនេះ គឺជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសាស្រ្តចារ្យ បុគ្គលិក និងនិស្សិតទាំងអស់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងសុខាភិបាល ឱ្យកាន់តែមានភាពជឿជាក់ និងកក់ក្ដៅថែមទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ក្នុងដំណាក់កាលថ្មីនៃសមាហរណកម្មអាស៊ាន និងសកលភាវូបនីយកម្ម ក្រោមការដឹកនាំរបស់សម្តេចតេជោ៕