(កំពង់ឆ្នាំង)៖ ដោយបានការឧបត្ថម្ភ គាំទ្រដោយផ្ទាល់ពីលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅខេត្តកំពង់ឆ្នាំង ក្រុមបាល់ទាត់សេនាយុត្តិធម៌ បានចូលរួមការប្រកួតបាល់ទាត់ ជាលក្ខណៈមិត្តភាពជាមួយក្រុមកីឡាករនៃសាលាដំបូង នឹងអយ្យការខេត្តកំពង់ឆ្នាំង ដែលការប្រកួតនេះ បានធ្វើឡើងនារសៀល ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ។
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមសេនាយុត្តិធម៌ បានថ្លែងថា ការប្រកួតនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងក្រុមសេនាយុត្តិធម៌ និងមន្ត្រីរាជការនៃសាលាដំបូង និងអយ្យការខេត្តកំពង់ឆ្នាំង ដែលបានទទួលការស្វាគមន៌យ៉ាងកក់ក្តៅ ពីសំណាក់ លោក តេង រតនា ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង នឹង លោក យូ ទិត្យវឌ្ឍនះ ព្រះរាជអាជ្ញានៃអយ្យការខេត្តកំពង់ឆ្នាំង។
លោកថ្លែងថា ក្រៅពីការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះ ក្រុមសេនាយុត្តិធម៌ បានចុះទស្សនកិច្ចសិក្សា នៅសាលាដំបូងនិងអយ្យការខេត្តកំពង់ឆ្នាំង និងបានបន្តដំណើរទៅកាន់សាលាបឋមសិក្សា ហ៊ុន សែន ចំបក់កន្រ្ទាញ ដែលមានទីតាំងស្ថិតនៅក្នុងភូមិចំបក់កន្រ្ទាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីចែកសម្ភារៈសិក្សា និងថវិកាមួយចំនួនជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងសិក្សានៅទីនោះ។
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានកត់សម្គាល់បន្ថែមថា ក្រុមបាល់ទាត់សេនាយុត្តិធម៌ ជាក្រុមកីឡាករដែលស្ថិតក្នុងវិស័យយុត្តិធម៌ រួមមាន៖ សមាជិកនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ប្រធាន អនុប្រធាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ក្រឡាបញ្ជី និងមេធាវីផងដែរ។
គួររំលឹកផងដែរថា ក្រុមសេនាយុត្តិធម៌នេះ ក៏ធ្លាប់បានចូលរួមប្រកួតជាមិត្តភាពមួយក្រុមបាល់ទាត់ របស់សាលាដំបូងខេត្តនានា នៅប្រទេសកម្ពុជា និងនៅបរទេសជាច្រើនដងរួចហើយផងដែរ៕
http://image.freshnewsasia.com/2019/Mr.MSP/xx1%20(2).jpg