(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វិស័យពាណិជ្ជកម្មបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ជាមួយនឹងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញទំនិញ និងសេវាទៅកាន់ទីផ្សារ នៃប្រទេសដែលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកចំនួន ១៤៧ ប្រទេស។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង នៅរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងពិធីបើកពិព័រណ៍ផលិតផលខែ្មរ និងទំនិញនាំចេញ-នាំចូល នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
សម្តេចក៏បានថ្លែងផងដែរថា តាមរយៈសុខសន្តិភាព ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព វិស័យពាណិជ្ជកម្មនេះ ក៏បាននាំចូលមកវិញនូវទំនិញ និងសេវាបំពេញតម្រូវការសេដ្ឋកិច្ចពីប្រទេសចំនួន ១៣៥ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មអន្តរជាតិ កើនឡើងរហូតដល់ជាង ៣០ ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៨ កន្លងមក។
កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧% ក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ ព្រមទាំងសម្រេចបាននូវ បង្គោលចរជាប្រវត្តិសាស្រ្ត គឺឆ្លងពីឋានៈជាប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យម កម្រិតទាបជាផ្លូវការ កាលពីឆ្នាំ ២០១៥ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កាលពីឆ្នាំ ២០១៨ កន្លងមក អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបាន ៧,៥% ជាមួយនឹងការព្យាករអាចបន្តរក្សាកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ កម្ពុជាបានធ្វើពិពិធកម្មទាំងផលិតផល និងទីផ្សារដែលធ្វើឱ្យការនាំចេញកម្ពុជាបានកើនឡើងពី ៥,៧ ប៊ីលានដុល្លារ នៅឆ្នាំ២០១២ ដល់១៣ ប៊ីលានដុល្លារ នៅឆ្នាំ ២០១៨ និងបានធ្វើពិពិធកម្មជាបន្តបន្ទាប់ពីការនាំចេញផលិតផលឧស្សាហកម្មសម្លៀកបំពាក់ (កាត់ដេរ ស្បែកជើង កាបូបធ្វើដំណើរ) ទៅកាន់ផលិតផលឧស្សាហកម្ម (មិនមែនវាយនភ័ណ្ឌ និងផលិតផលផ្សេងៗទៀត ជាមួយនឹងគោលដៅនាំចេញសំខាន់ៗរបស់កម្ពុជា គឺទីផ្សារសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន ចិន កូរ៉េបញ្ហាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសដទៃទៀត។
សម្តេចបានបន្តថា៖ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកមូលដ្ឋាន ផលិតកម្មកសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អប្រព័ន្ធដឹកជពាន និងប្រព័ន្ធឡូជីស្ទិកទាំងផ្នែកទន់ និងផ្នែករឹង លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយកម្រៃសេវាផ្សេងៗ កាត់បន្ថយថ្លៃអគ្គិសនី បណ្តុះបណ្ហាលជំនាញទាំងផ្នែករឹង និងផ្នែកទន់ រៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ជាមួយនឹងការកែទម្រងវិស័យហិរញ្ញវត្ថុ និងវិស័យអាទិភាពផ្សេងទៀត ដែលទាំងអស់នេះ គឺជាលក្ខខណ្ណអាទិភាពដ៏ទូលំទូលាយ និងជាសក្តានុពលប្រកបដោយគុណភាព និងតម្លាភាពសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕