(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីណែនាំថ្មីមួយ ស្តីពីការប្រើប្រាស់អត្រាប្តូរប្រាក់ សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។

តាមសេចក្ដីណែនាំដែល Fresh News ទទួលបាននាថ្ងៃទី១៥ ខែធ្នូនេះបានឱ្យដឹងថា ការណែនាំនេះ គឺក្នុងគោលបំណងដើម្បីផ្តល់នូវភាពងាយស្រួលបន្ថែមទៀត និងទាន់ពេលវេលា ព្រមទាំងធានាដល់យន្តការផ្ទៀងផ្ទាត់វិក្កយបត្រឱ្យកាន់តែច្បាស់ ក៏ដូចជាជួយសម្រួលដល់ការអនុវត្តការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ ចាប់ពីខែមករា ឆ្នាំ២០២០ តទៅ។

ការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ មានដូចខាងក្រោម៖

១. អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ៖ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការ ដែលចេញជារៀងរាល់ថ្ងៃដោយធនាគារជាតិនៃកម្ពុជា សម្រាប់រំលេចរូបិយប័ណ្ណប្រាក់រៀលលើតម្លៃសរុបក្នុងវិក្កយបត្រ។ ក្នុងករណីថ្ងៃឈប់សម្រាក ឬមុនម៉ោងដែលធនាគារជាតិនៃកម្ពុជាមិនទាន់បានចេញអត្រាប្តូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញមុនមួយថ្ងៃ នៃថ្ងៃឈប់សម្រាក។

២. អត្រាប្តូរប្រាក់ផ្លូវការសម្រាប់ពន្ធលើប្រាក់បៀវត្ស៖ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការ ដែលចេញដោយធនាគារជាតិនៃកម្ពុជា រៀងរាល់ថ្ងៃទី១៥ នៃខែនីមួយៗ សម្រាប់គណនាពន្ធលើប្រាក់បៀវត្ស។ ក្នុងករណីថ្ងៃទី១៥ នៃខែនីមួយៗ ចំថ្ងៃឈប់សម្រាកដែលធនាគារជាតិនៃកម្ពុជា មិនបានចេញអត្រាប្តូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញមុនមួយថ្ងៃនៃថ្ងៃឈប់សម្រាក។

៣. អត្រាប្តូរប្រាក់ផ្លូវការប្រចាំខែ៖ អ្នកជាប់ព័ន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការ ដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃចុងក្រោយនៃខែនីមួយៗ សម្រាប់គណនាប្រាក់ពន្ធត្រូវបង់ប្រចាំខែ។

៤. អត្រាប្តូរប្រាក់ផ្លូវការប្រចាំឆ្នាំ៖ អ្នកជាប់ព័ន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការ ដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃចុងក្រោយខែធ្នូនៃឆ្នាំនីមួយៗ
សម្រាប់គណនាប្រាក់ព័ន្ធត្រូវបង់ប្រចាំឆ្នាំ៕