(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា នៅលើទឹកដីបរទេស យុវជនខ្មែរគ្រប់រូប គឺតំណាងឱ្យប្រជាជាតិខ្មែរទាំងមូល ដូច្នេះត្រូវខិតខំធ្វើសកម្មភាពវប្បធម៌ផ្សេងៗ ដើម្បីបង្ហាញអត្តសញ្ញាណាជាតិឱ្យពិភពលោកបានស្គាល់ ហើយត្រូវបន្តខិតខំរៀនសូត្រឱ្យក្លាយខ្លួនជាធនធានមនុស្ស និងរួបរួមសាមគ្គីជួយគ្នាកសាងប្រទេសជាតិ សម្រាប់កូនចៅតទៅមុខទៀត។
ការថ្លែងបែបនេះរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយនិសិ្សតខ្មែរ ដែលសិក្សានៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
លោក ហ៊ុន ម៉ាណែត និងនិសិ្សតខ្មែរខាងលើ បានចាត់ទុកកម្មវិធីដ៏រីករាយនេះ គឺជាការជួបជុំប្រជុំឆ្នាំដែលរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធ ចែករំលែកផ្លាស់ប្តូរបទពិសោធន៍ និងជួយគ្នាទៅវិញទៅមករវាងនិស្សិត និងអតីតនិស្សិត ដែលបានសិក្សានៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ ព្រមទាំងនិស្សិតដែលកំពុងតែរៀបចំខ្លួនទៅបន្តការសិក្សានៅទីនោះផងដែរ។
លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការទៅសិក្សានៅបរទេសឆ្ងាយពីផ្ទះ និងគ្រួសាររមែងមានបញ្ហាប្រឈមច្រើន ប៉ុន្តែសំខាន់និសិ្សតខ្មែរត្រូវតស៊ូជម្នះឱ្យដល់គោលដៅ គឺការស្រូបយកចំណេះដឹង ដើម្បីបង្កើនសមត្ថភាព បង្កើនសក្តានុពល និងបង្កើនភាពជោគជ័យរបស់ខ្លួន គ្រួសារ និងរបស់ប្រទេសជាតិ។
លោកបានដាស់តឿនដល់និស្សិតត្រូវរក្សាគោលដៅនេះឱ្យជាប់ កុំបោះបង់ ព្រោះការមានចំណេះដឹង និងជំនាញច្បាស់លាស់ គឺជាមូលដ្ឋានធ្វើឱ្យយើងទទួលបានជោគជ័យ ជាពិសេសនៅក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរី ដែលពោរពេញដោយការប្រកួតប្រជែង។
លើសពីនេះ និសិ្សតខ្មែរក៏ត្រូវយកចិត្តទុកដាក់ផងដែរ លើការប្រុងប្រយ័ត្នល្អិតល្អន់លើការបំពេញការងារតូចៗឱ្យល្អ មុននឹងអាចឈានទៅសម្រេចកិច្ចការធំៗ ហើយក៏ត្រូវរៀនសូត្រជាប់ជានិច្ចពីមជ្ឈដ្ឋានក្រៅសាលា ដើម្បីស្វែងយល់អំពីរបៀបរបបរស់នៅ របៀបគ្រប់គ្រង របៀបធ្វើការ និងផ្នត់គំនិតរបស់មិត្តភក្តិបរទេស ដែលជាការបំពេញបន្ថែមនូវអ្វីដែលរៀននៅក្នុងសាលា ហើយដែលនឹងនាំមកនូវគំនិតច្នៃប្រឌិត និងវិធីសាស្ត្រថ្មីៗ ដើម្បីឱ្យជីវិតកាន់តែទទួលបានជោគជ័យ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ឆ្លងតាមការបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសជាច្រើន លោកពិតជាមានមោទនភាពជាមួយនិស្សិតខ្មែរ ទាំងនិស្សិតយោធា និងស៊ីវិល ដែលភាគច្រើនទទួលបានការកោតសរសើរពីគ្រូៗបរទេស។ នេះគឺជាមោទនភាពរបស់បុគ្គលនិស្សិតខ្មែរផ្ទាល់ ក៏ដូចជាមោទនភាពរបស់ជាតិទាំងមូល ដោយនិសិ្សតខ្មែរ គឺជាគ្រាប់ពេជ្ររបស់កម្ពុជា ធ្វើឱ្យគេចាប់ផ្តើមស្គាល់កម្ពុជាក្នុងទស្សនៈថ្មី ដែលមានធនធានមនុស្សប្រកបដោយសមត្ថភាព សីលធម៌ និងគុណធម៌ខ្ពស់៕