(បន្ទាយមានជ័យ)៖ លោក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ និងជាប្រធានគណៈទ្រទ្រង់អភិវឌ្ឍន៍សមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យ ក្រោមការណែនាំពីទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ រួមដំណើរដោយ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះជួបសំណេះសំណាល អតីតយុទ្ធជន និងត្រួតពិនិត្យការងារសាងសង់ផ្ទះ សម្រាប់ចែកជូនជំហ៊ានទី២ នៅតំបន់ការ៉េ២ ចំនួន១០០ខ្នងទៀត នៅដើមខែមករា ឆ្នាំ២០២០។
លោក ង៉ែត ចាន់ថុល បានឲ្យដឹងថា ពិធីនៅដើមខែមករា ឆ្នាំ២០២០ខាងមុខនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។ ការប្រគល់នេះសរុបទាំងពីវគ្គ ចំនួន២០០ខ្នង ជាអំណោយឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និង១០០ខ្នងទៀត ជាអំណោយសម្តេចតេជោ ហ៊ុន សែន គ្រោងប្រគល់ជូនអតីតយុទ្ធជននៅពេលខាងមុខផងដែរ។
ក្នុងនោះផងដែរ លោក អ៊ុ រាត្រី ក្នុងនាមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានដោះស្រាយសំណូមពររបស់អតីតយុទ្ធបានស្នើសុំឲ្យជួយដោះស្រាយ រួមមាន បង្គន់អនាម័យចំនួន២០, ផ្តល់លូសម្រាប់ដាក់ផ្លូវចូលផ្ទះ ចំនួន៨០គ្រួសារ ក្នុងមួយគ្រួសារ៤កង់, ផ្តល់ពាងទឹកសម្រាប់ដាក់ទឹកប្រើប្រាស់ ក្នុងមួយគ្រួសារ ពាងមួយ ក្នុងចំនួន២០០គ្រួសារ ដែលបានទទួលរបបផ្ទះថ្មី។
តាងនាមលោក ង៉ែត ចាន់ថុល ជំនួសមុខឲ្យទេសរដ្ឋមន្រ្តី គន់ គីម និងអតីតយុទ្ធជន ដែលបានមករស់នៅតំបន់ការ៉េ២ទាំងអស់គ្នា សូមថ្លែងអំណគុណចំពោះ លោក អ៊ុ រាត្រី ដែលបានយកចិត្តទុកដាក់ចំពោះអតីតយុទ្ធ ដែលមានជីវភាពទីទ័លក្រ ឲ្យបានរស់នៅបានសមរម្យ នៅលើផ្ទះថ្មីដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាអំណោយរបស់ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន នៅក្នុងតំបន់ការ៉េ២នេះ៕