(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ព្រមទាំងប្រជាពលរដ្ឋជាច្រើនរយនាក់នៅស្រុកបារាយណ៍ បានសម្ដែងនូវការរីករាយសាទរយ៉ាងខ្លាំងចំពោះការស្ដារ និងពង្រីកប្រឡាយតាសួងឱ្យកាន់តែធំ កាន់តែជ្រៅ និងផ្ទុកបរិមាណទឹកកាន់តែច្រើនជាងមុន។
សរុបប្រវែងប្រឡាយដែលត្រូវស្តារឡើងវិញ ១២,៥០០ម៉ែត្រ ក្នុងនោះមានការស្តារប្រឡាយមេនាំទឹកប្រវែង ៤,៨៥០ម៉ែត្រ មានទំនប់សងខាងក្រាលគ្រួសក្រហម និងស្តារប្រឡាយរងប្រវែង ៧,៦៥០ម៉ែត្រ មានទំនប់សងខាងជាផ្លូវក្រាលគ្រួសក្រហមដែរ។
ពិធីបើកការដ្ឋានស្ដារប្រឡាយនេះធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោករដ្ឋមន្ត្រី ថោង ខុន និងមានការចូលរួមពីលោក យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម តំណាងរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅស្រុកបារាយណ៍ជាច្រើនរយនាក់ទៀត។
លោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានឱ្យដឹងថា «ប្រព័ន្ធធារាសាស្ត្រនេះនឹងបម្រើជូនប្រជាពលរដ្ឋនៅមូលដ្ឋានចំនួន ៣ឃុំ (១៧ភូមិ) ក្នុងនោះរួមមាន៖ ឃុំបារាយណ៍ (១១ភូមិ) ឃុំឈូកខ្សាច់ (៣ភូមិ) និងឃុំទ្រៀល (៣ភូមិ) ដែលមានប្រជាពលរដ្ឋ ១០,៩៤៥នាក់ ស្មើនឹង ២,១៨៩គ្រួសារ។ ប្រឡាយទឹកនេះអាចស្រោចស្រពលើផ្ទៃដីសរុប ២,០៧០ហិចតា»។
លោកអនុរដ្ឋលេខាធិការ យិន ងួនកូលេនីន បានឱ្យដឹងដែរថា គម្រោងស្ដារប្រឡាយនេះស្ថិតក្នុងគម្រោងកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិយុទ្ធសាស្ត្រអាកាសធាតុ និងជំនួយឥតសំណងពីមូលនិធិយុទ្ធសាស្ត្រអាកាសធាតុ និងកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល ដែលមានការសម្របសម្រួល និងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពអនុវត្តចំនួន៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ខេត្តគោលដៅចំនួន ៣ មានខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តព្រៃវែង។
លោក យិន ងួនកូលេនីន បានទទួចស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋដែលរស់នៅអមប្រឡាយនេះ ក៏ដូចជាប្រជាពលរដ្ឋដែលអាស្រ័យផលពីអនុគម្រោងនេះផងដែរ និងត្រូវមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាព នៅពេលធ្វើដំណើរឆ្លងកាត់ការដ្ឋានកំពុងសាងសង់ និងសុំការអធ្យាស្រ័យចំពោះការរំខាននានា។
លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញសុទិដ្ឋិនិយមថា ប្រព័ន្ធប្រឡាយនេះនឹងជួយផ្គត់ផ្គង់ការស្រោចស្រពកាន់តែច្រើនដល់ការបង្កបង្កើនផលស្រូវ និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅអមប្រឡាយនេះ។ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល តាមរយៈការធ្វើផ្លូវនៅសងខាងប្រឡាយ ព្រមទាំងជួយបង្កើនទិន្នផលស្រូវ ដំណាំ ត្រី និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមប្រឡាយនេះផងដែរ។
ប្រធានក្រុមការងារចុះជួយមូលដ្ឋានដ៏មានប្រជាប្រិយភាពរូបនេះ បានណែនាំថា នៅពេលគម្រោងនេះត្រូវបានបញ្ចប់ និងដាក់ឲ្យដំណើរការប្រើប្រាស់ សូមឲ្យរដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង៣ រួមសហការគ្នាក្នុងការគ្រប់គ្រង និងបែងចែកទឹកឲ្យបានត្រឹមត្រូវ និងតាមវេនច្បាស់លាស់ ដើម្បីធានានូវការផ្គត់ផ្គង់ និងចែកចាយទឹកឲ្យបានគ្រប់គ្រាន់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
លោកបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាការពារ និងប្រើប្រាស់ប្រកបដោយភាពយូរអង្វែងចំពោះសមិទ្ធផលថ្មីនេះ ព្រោះវាបានកើតចេញពីការខិតខំរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដែលតែងតែគិតគូរពីការរស់នៅ និងការប្រកបរបរកសិកម្មរបស់ប្រជាកសិករ។
គេសង្កេតឃើញថា មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅស្រុកបារាយណ៍ទាំងឡាយ បានសម្ដែងនូវការរីករាយសាទរយ៉ាងខ្លាំងចំពោះការស្ដារប្រឡាយតាសួង ដែលមានប្រវែងជាង ១២,០០០ម៉ែត្រ ព្រមទាំងបង្ហាញភាពស្និទ្ធស្នាលជាមួយលោករដ្ឋមន្ត្រី ថោង ខុន យ៉ាងជិតស្និទ្ធ ក្នុងពេលចុះពិនិត្យមើលប្រឡាយតាសួង បន្ទាប់ពីពិធីបើកការដ្ឋានត្រូវបានបញ្ចប់៕