(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុកវិស័យ ឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបានបង្កលក្ខណៈងាយស្រួល និងជំរុញវិស័យឯកជនឲ្យលូតលាស់ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
ការថ្លែងលើកឡើងរបស់ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បែបនេះនៅក្នុងឱកាសសម្ពោធក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវ ឡៃធីង (SO YANG Decorative Lighting (Cambodia) Co.Ltd) តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ (GIGA Resources SEZ) ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែ ខែធ្នូ ឆ្នាំ២០១៩។ ពិធីនេះមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក លី វ៉ា មីង (Lee Hwa Ming) អគ្គនាយកក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវ ឡៃធីង ព្រមទាំងមន្ត្រីរាជការ កម្មករ កម្មការិនី ជាច្រើននាក់ផងដែរ។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបន្តថា ក្រុមហ៊ុនដ៏ធំនេះបានបង្កើតឡើងលើផ្ទៃដីដល់ទៅ ១១.៥ហិកតា មានជំនាញខាងផលិតអំពូលភ្លើងលំអ ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស នេះពិតជាសមិទ្ធផល និងមោទនភាពរបស់ខេត្តស្វាយរៀង ដែលក្លាយជាមូលដ្ឋានឧស្សាហកម្មមួយជាមួយទុនវិនិយោគ ជាច្រើន។ គម្រោងនេះពិតជាផ្តល់ការងារដល់ពលករ ក្នុងស្រុកផ្តល់ចំណូល ជាពន្ធដារនានារួមចំណែកអភិវឌ្ឍន៍កម្ពុជា ជាពិសេសខេត្តស្វាយរៀង ឲ្យកាន់តែជឿនលឿនថែមទៀត នេះឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ពីអ្នកវិនិយោគបរទេសលើកម្ពុជា ដែលមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ រឹងមាំ និងការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។
លោកស្រីបានបន្តថា ក្នុងរយៈពេលប្រហែល២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យមប្រមាណ៧% ដែលនាំឲ្យចំណូលរបស់ប្រជាជនយើង មានការកើនឡើង និងមានជីវភាពកាន់តែធូធារផងដែរ។ ដោយឡែក វិស័យឧស្សាហកម្មក៏កំពុងរីកចម្រើនយ៉ាងខ្លាំង ដោយសារមានគោលនយោបាយ លើកទឹកចិត្តអ្នកវិនិយោគ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពានអ្នកលឿង ផ្លូវទឹក ដែលត្រូវបានស្ដារឡើងវិញឲ្យកាន់តែទំនើប និងជាប់ប្រទាក់ក្រឡាគ្នានៅពាសពេញប្រទេស ធ្វើឲ្យការធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល។ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះខេត្តស្វាយរៀង គឺជាច្រកទ្វារទិសបូព៌ា នៃប្រទេសកម្ពុជា ដែលភ្ជាប់កម្ពុជាទៅពិភពលោក តាមរយៈប្រទេសវៀតណាម ដូច្នេះខេត្តនេះមានសក្តានុពលភាព ផ្នែកឧស្សាហកម្ម និងតាំងយុទ្ធសាស្រ្តដ៏ល្អ។
លោកស្រី ម៉ែន សំអន បានស្នើដល់ក្រុមហ៊ុន សូមធ្វើប្រតិបត្តិការអាជីវកម្ម ដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់កម្ពុជា ម៉្យាងទៀតក្រុមហ៊ុន ត្រូវផលិត និងផ្តល់សេវាប្រកបដោយគុណភាព និងតម្លៃសមរម្យ ដែលអាចទទួលយកបានដោយគិតពីផលប្រយោជន៍ និងកេរ្ដិ៍ឈ្មោះយូរអង្វែង។ ការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម មិនអាចធ្វើឡើងតែឯកឯងបានទេ ពោលគឺត្រូវអភិវឌ្ឍន៍ជាអន្តរវិស័យរួមគ្នាជាច្រើន ដូចជាប្រព័ន្ធផ្លូវ ទូរគមនាគមន៍អគ្គិសនី ទឹកស្អាត សួនច្បារ ទីកម្សាន្ដ សាធារណៈ និងត្រូវធានាឲ្យបាននូវសន្ដិសុខ និងសណ្តាប់ធ្នាប់។ល។
លោកស្រី បានផ្តាំផ្ញើរដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវផ្តល់កិច្ចសហការល្អបង្កលក្ខណៈងាយស្រួល និងជួយសម្រួល ដល់អ្នកវនិយោគគិនគ្រប់បែបយ៉ាង ដែលមានបំណងមកបណ្តាក់ទុនវិនិយោគ នៅខេត្តស្វាយរៀង ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងការបង្កើនអ្នកវិនិយោគថ្មី៕