(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ យិត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា បានថ្លែងជំរុញឱ្យគ្រូពេទ្យកុមារ មកពីមន្ទីរពេទ្យបណ្តាខេត្ត និងក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ជាប់ជានិច្ចក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ និងឱ្យពាំនាំនូវចំណេះដឹងថ្មីៗ ដើម្បីចូលរួមក្នុងការផ្តល់នូវសេវាព្យាបាលកុមារៗ ឱ្យកាន់តែមានប្រសិទ្ធិភាព គុណភាព និងសុវត្ថិភាពប្រកបដោយចំណេះដឹង និងជំនាញពិតប្រាកដ។
លោកសាស្រ្តាចារ្យ យិត ស៊ុនណារ៉ា បានថ្លែងជំរុញយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះក្នុងឱកាសដែលលោក រួមទាំងលោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុង ទិវាវេជ្ជសាស្រ្តរោគកុមារវិទ្យាលើកទី២២នៅកម្ពុជា ដែលបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ និងដោយមាន ការចូលរួមពីបណ្តាលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ ដែលជាសមាជិកសមាគមគ្រូពេទ្យកម្ពុជាប្រមាណជាង ៣០០នាក់ផងដែរ។
លោកសាស្រ្តាចារ្យ យិត ស៊ុនណារ៉ា បានឱ្យដឹងទៀតថា សមាគមកុមារបានប្រារព្វសន្និសីទនេះជារៀងរាល់ឆ្នាំ ហើយការជួយជុំគ្នារៀងរាល់ឆ្នាំនេះគឺដើម្បីរួមគ្នាជួបជុំ គ្រូពេទ្យកុមារទាំងអស់នៅទូទាំងប្រទេស ចែករំលែកនូវចំណោះដឹងដល់គ្រូពេទ្យកុមារទាំងអស់ឱ្យមានសមត្ថភាពកាន់តែប្រសើរឡើង ក្នុងការផ្តល់សេវាព្យាបាល ជូនកុមារកម្ពុជាទូទាំងប្រទេសឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយក្រៅពីរៀបចំនៅសន្និសីទនេះសមាគមគ្រូពេទ្យកុមារ តែងតែចុះអប់រំ និងបង្ហាត់បង្រៀន គ្រូពេទ្យកុមារ នៅតាមបណ្តាខេត្ត ពីសំណាក់គ្រូពេទ្យជំនាញនៅតាមបណ្តារាជធានីភ្នំពេញ ឱ្យបានយល់ដឹងកាន់តែច្បាស់ពីវិធីព្យាបាលជំងឺកុមារ និងការវិវត្តន៍ថ្មីៗនៃជំងឺកុមារផងដែរ។
លោកសាស្រ្តាចារ្យ បានបញ្ជាក់ទៀតថា ក្រៅពីចុះពង្រឹងដល់គ្រូពេទ្យកុមារទៅតាម ឱ្យបណ្តាខេត្តឱ្យកាន់តែមានជំនាញនោះ សមាគមគ្រូពេទ្យកុមារក៏បានពង្រឹងទាក់ទង និងក្រមសីលធម៍គ្រូពេទ្យទាំងអស់ផងដែរ ក្នុងការផ្តល់សេវាព្យាបាលឱ្យបានកាន់តែល្អ និងមានប្រសិទ្ធភាពដល់កុមារប្រកបដោយក្រមសីលធម៍ និងសមត្ថភាព ដោយធ្វើយ៉ាងណា ផ្តល់សេវាព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាពជូនពលរដ្ឋ ឱ្យបានស្របទៅនឹងគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្លាំងទៅលើសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារផងដែរ។
លោកសាស្រ្តាចារ្យ យិត ស៊ីនណារ៉ា បានផ្តាំផ្ញើឱ្យសមាជិកសន្និសីទទាំងអស់ជាគ្រូពេទ្យកុមារមកពីមន្ទីរពេទ្យនានា ពីបណ្តាខេត្តនិងក្រុងនានា យកចិត្តទុកដាក់ជាប់ជានិច្ច ក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ និងឱ្យពាំនាំនូវចំណេះដឹងថ្មីៗ ជួយផ្សព្វផ្សាយដល់សហភារៈផ្សេងៗទៀតដើម្បីធ្វើឱ្យកាន់តែប្រសើរក្នុងការផ្តល់សេវា សុខភាព ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ដែរថា សមាគមគ្រូពេទ្យកុមារកម្ពុជា តែងតែប្រារព្ធទិវាវេជ្ជសាស្រ្តរោគកុមារវិទ្យានេះយ៉ាងទៀងទាត់ក្នុងមួយឆ្នាំម្តង ក្នុងគោលបំណងដើម្បីផ្តល់នូវវេទិកា ដល់អ្នកឯកទេសផ្នែករោគកុមារទូទាំងប្រទេស បានចែករំលែកនិងផ្លាស់ប្តូរនូវបទពិសោធន៍រវាងគ្នានិងគ្នា ក៏ដូចជាជួយផ្តល់នូវចំណេះដឹងថ្មីៗទាក់ទងនឹងរោគកុមារទាំងនេះ ដើម្បីឱ្យសិក្ខាកាមទាំងអស់អាចទាញយកសារសំខាន់ សម្រាប់ប្រើជាប្រយោជន៍ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជាផងដែរ៕