(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅឆ្នាំ២០២០ខាងមុខ ក្រសួងពាណិជ្ជកម្មមានការងារអាទិភាពមួយចំនួនទៀត ដែលត្រូវអនុវត្ត ពិសេសក្រសួងនឹងជំរុញការធ្វើពាណិជ្ជកម្មតាមបប្រព័ន្ធអេឡិចត្រនិកឱ្យកាន់តែខ្លាំង ដើម្បីដើរឱ្យទាន់បរិបទបដិវត្តឧស្សាហកម្ម៤.០។
កាថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា កន្លងទៅក្រសួងពាណណិជ្ជកម្មបានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក និងពាណិជ្ជនាម ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) និងបានធ្វើប្រតិភូកម្មអំណាចជូនថ្នាក់ក្រោមជាតិ សំដៅនាំយកសេវាសាធារណៈឲ្យទៅក្បែរ និងកៀកនឹងដៃប្រជាជន។
ដំណាក់កាលបន្ទាប់ ដើម្បីធានាបានសុវត្ថិភាព និងភាពជាម្ចាស់លើទិន្នន័យ និងប្រព័ន្ធក្រសួងពាណិជ្ជកម្មនឹងធ្វើការផ្ទេរទិន្នន័យមកផ្ទុកក្នុងប្រព័ន្ធរបស់ក្រសួងផ្ទាល់ ជៀសវាងការបាត់បង់ទិន្នន័យ និងការជ្រៀតជ្រៀកដោយគ្មានការអនុញ្ញាតទៅក្នុងប្រព័ន្ធ។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ ខាងមុខក្រសួងពាណិជ្ជកម្មក៏មានការងារអាទិភាពមួយចំនួនទៀត ដែលត្រូវអនុវត្ត រួមមាន៖
១៖ ជំរុញការអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការរៀបចំកម្មវិធីព័ត៌មានតម្លៃទីផ្សារ កសិផលនៅតាមបណ្ដាខេត្ត ក្រោមថ្នាលបច្ចេកវិទ្យា ដែលអនុញ្ញាតឲ្យកសិករ ទទួលបានព័ត៌មានទាន់ហេតុការពីតម្លៃកសិផល និងជាជំនួយដល់ការប្រាស្រ័យទាក់ទងពាណិជ្ជកម្មរវាងកសិករ និងឈ្មួញ និងការបង្កើតទីផ្សារអនឡាញបែបអាជីវកម្ម និងអាជីវកម្ម សំដៅជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន។
២៖ បង្កើតមជ្ឈមណ្ឌលផលិតកម្មផលិតផលដូចជា ស្នូនឆ្នាំងនៅខេត្តកំពង់ឆ្នាំង ចម្លាក់ថ្មនៅខេត្តពោធិ៍សាត់ និងសូត្រនៅខេត្តសៀមរាប ដែលមានខ្សែចង្វាក់ផលិតកម្មគ្រប់ជ្រុងជ្រោយ ដែលមិនត្រឹមតែជួយបង្កើតការងារ និងចំណូលជូនប្រជាជនក្នុងតំបន់ ក៏ថែមទាំងអាចទាក់ទាញទេសចរណ៍ និងលើកតម្កើងវប្បធម៌ និងប្រពៃណីរបស់ខ្មែរ។
៣៖ បង្កើតមជ្ឈមណ្ឌលវប្បធម៌ និងពាណិជ្ជកម្មនៅប្រទេសចិនបន្ថែមទៀត ព្រមទាំងអញ្ជើញក្រុមហ៊ុនចិនទាំងនោះមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាការងារពាណិជ្ជកម្ម និងតភ្ជាប់បណ្ដាញជាមួយក្រុមហ៊ុនកម្ពុជា ដែលមានសក្ដានុពលក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងតាមបែបប្រពៃណី។
សូមជម្រាបថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ កម្រិតអន្តរជាតិ ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីប្រទេសជាមិត្តក្នុងតំបន់ ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងប្រទេសឡាវ ព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥រាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដែលមានស្ដង់សរុបចំនួន ៣៧២ស្ដង់។
ទំនិញ និងសេវាជាច្រើនប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្ដិការណ៍ពាណិជ្ជកម្មនេះ រួមមាន៖ ផលិតផលកសិកម្ម កសិពាណិជ្ជកម្ម ផលិតផលសិប្បកម្ម ផលិតផលធ្វើពីសូត្រ អង្ករ ម្រេច ដំឡូងមី វត្ថុអនុស្សាវរីយ៍ សម្ភារការិយាល័យ ក្រណាត់ និងសម្លៀកបំពាក់ សម្ភារប្រើប្រាស់ទូទៅ ផលិតផលសម្រាប់តុបតែងក្នុងគេហដ្ឋាន គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ផលិតផលឱសថ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ម្ហូបអាហារកែច្នៃ និងភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ផលិតផលបា្លស្ទីក គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារឹម ផលិតផលពាក់ព័ន្ធវិស័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា គ្រឿងម៉ាស៊ីន សម្ភារសំណង់ ផលិតផលបម្រើឲ្យសេវាសណ្ឋាគារ ទេសចរណ៍ សេវាអប់រំ សេវាធនាគារ និងគម្រោងវិនិយោគជាដើម។
លោករដ្ឋមន្ត្រីពាណិជ្ជកម្មបានបន្តទៀតថា ពិព័រណ៍ពាណិជ្ជកម្មនេះ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំឆ្នាំរបស់កម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើតឱកាសទីផ្សារ បង្ហាញពីបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគដ៏ល្អប្រសើរ ព្រមទាំងបង្ហាញអំពីគោលនយោបាយគាំពារវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ អ្នកប្រើប្រាស់នឹងបានស្គាល់ និងគាំទ្រទំនិញក្នុងស្រុក ក៏ដូចជាទំនិញនាំចូលដែលមានគុណភាព។
ជាមួយនឹងការដាក់តាំងបង្ហាញទំនិញនាំចេញ-នាំចូល និងទំនិញសក្ដានុពលដ៏សម្បូរបែបមកពីបណ្ដាខេត្តទូទាំងប្រទេស ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់នេះ ក៏មានរៀបចំនូវព្រឹត្តិការណ៍អមមួយចំនួនផងដែរ ដូចជា ជំនួបពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ សិក្ខាសាលា និងពិធីចុះហត្ថលេខាលើគម្រោងធុរកិច្ច និងវិនិយោគនានា ដើម្បីទាក់ទាញអ្នកទស្សនាពិព័រណ៍ និងផ្តល់កាលានុវត្តភាព សម្រាប់ធុរជន និងអ្នកវិនិយោគ អាចភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មនៅកម្ពុជា៕