(ភ្នំពេញ)៖ ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី៧ បានបើកការប្រកួតជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកីឡា Premium Sport Club ដោយមាន ៣១ក្រុមចូលរួម។ ពិធីបើកការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
លោក សុខ សប្បាយណា ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នេះបានឲ្យដឹងថា ពាននេះត្រូវបានរៀបចំឡើង ដើម្បីបង្កឱកាសឲ្យមន្ដ្រី និងយុវជនគ្រប់ក្រសួង-ស្ថាប័នរដ្ឋ ចូលរួមលេងកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងជំរុញយុវជនចូលរួមកាន់តែសកម្មក្នុងសកម្មភាពសង្គម ទាំងផ្នែកវប្បធម៌ និងកីឡាជាដើម ដែលស្របតាមស្មារតីយកចិត្តទុកដាក់របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។
អនុរដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បញ្ជាក់ថា «សុខ សប្បាយណា៖ ពានរង្វាន់នេះ ត្រូវបានរៀបចំតាំងពីឆ្នាំ២០១៣ សំដៅជំរុញមន្ដ្រីរាជការ នៅតាមបណ្ដាក្រសួង ស្ថាប័នចាប់អារម្មណ៍កាន់តែខ្លាំងលើវិស័យកីឡា និងក្នុងគោលបំណងដើម្បីបង្កើនសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជន តាមបណ្ដាក្រសួង-ស្ថាប័ន ជាពិសេសដើម្បីបំផុសស្មារតីស្រលាញ់ ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព» ។
ទន្ទឹមជាមួយគ្នាលោក សុខ សុខា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលសហការគ្នាររៀបចំព្រឹត្តិការណ៍នេះឡើង ដែលឆ្លុះបញ្ចាំងពីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួង-ស្ថាប័ននីមួយៗ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងបំផុសចលនាកីឡា និងអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ដើម្បីត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ ។
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់មិត្តអាជីព ក្របខណ្ឌមន្ដ្រីរាជការនេះ គ្រោងរៀបចំជាង ២ខែកន្លះ ចាប់ពីថ្ងៃទី១៤-ធ្នូ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ។ ចំពោះក្រុមចូលរួម គឺបែងចែកជា ៨ពូល ដើម្បីធ្វើការប្រកួតវិលជុំ និងចម្រាញ់រកក្រុមខ្លាំង ២ក្រុមតាមពូលនីមួយៗ ដែលមានពិន្ទុខ្ពស់ជាងគេ ឡើងទៅប្រកួតវគ្គ ១៦ក្រុមចុងក្រោយ និងវគ្គបន្ដបន្ទាប់ទៀត៕