(ភ្នំពេញ)៖ អតីតសិស្សវិទ្យាល័យទួលទំពួង គ្រប់ជំនាន់ប្រមាណ ជាង២០០នាក់ បានរួមគ្នាប្រារព្ធពិធីរំឭកគុណគ្រូលើកទី០៤ នៅគ្រាដែលជិតដល់ថ្ងៃបុណ្យឆ្លងឆ្នាំនឹងឈានចូលមកដល់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ។ វត្ថុបំណងដែលពួកគាត់ប្រារព្ធពិធីនោះជាសញ្ញា បង្ហាញពីការដឹងគុណគ្រូបង្រៀន ដែលបានផ្ទេរចំណេះដឹង និងពុទ្ធិដល់សិស្សានុសិស្ស ដែលពួកគេចាត់ទុកថាគ្រូបង្រៀន ជាអ្នកសាបព្រោះវប្បធម៌ និងអរិយធម៌។
អតីតសិស្សវិទ្យល័យទួលទំពួងគ្រប់ជំនាន់ បានចាត់ទុកការប្រារព្ធពិធីរំឭកគុណគ្រូ និងសំពះគ្រូថាជាការលើកស្ទួយវប្បធម៌ខ្មែរ និងជាការរួមចំណែកពង្រឹងគុណភាពអប់រំ ខណៈបច្ចុប្បន្នការប្រារព្ធពិធីនេះ ស្ទើរតែបាត់សូន្យពីសង្គម ហើយយុវសិស្សមួយចំនួនហាក់មិន ដឹងពីសាវតារ និងគុណតម្លៃពីពិធីនេះដែរ។
បើតាមតំណាងអតីតសិស្សដែលទទួលបានចំណេះដឹងពីលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យទួលទំពួង បានឱ្យដឹងថា ថ្វីបើពិធីរំឭកគុណ និងសំពះគ្រូ ពុំសូវឃើញគេប្រារព្ធឡើងក្ដីក៏អតីតសិស្សវិទ្យាល័យទួលទំពួង បានមូលមតិគ្នាផ្ដួចផ្ដើមជ្រើសយកថ្ងៃទី១៤ ខែធ្នូ ម្សិលមិញ ដែលចំថ្ងៃសៅរ៍ ជាថ្ងៃដែលពួកគាត់ប្រារព្ធពិធីរំឭកគុណគ្រូ និងសំពះគ្រូក្នុងបំណងដឹងគុណគ្រូបង្រៀន ដែលពួកគាត់ចាត់ទុកថាជាឪពុក ម្ដាយទី២។
អតីតសិស្សរូបនេះ បានរំពឹងថា ពិធីនេះ គឺជាគំរូដល់យុវសិស្សជំនាន់ក្រោយៗ ត្រូវរួមគ្នាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូដែលប្រឹងប្រែងសាបព្រោះ ចំណេះវិជ្ជា និងពុទ្ធិ (ប្រាជ្ញា) ដល់សិស្ស។
បើតាមអតីតសិស្សដដែល បានចាត់ទុកការប្រារព្ធពិធីរំឭកគុណគ្រូ និងសំពះគ្រូមានអត្ថន័យជ្រៅ និងមានចំណុចវិជ្ជមានច្រើនជាពិសេស គឺលើក ស្ទួយប្រពៃណី វប្បធម៌ខ្មែរ និងពង្រឹងប្រសិទ្ធភាព វិស័យ អប់រំ តាមរយៈការលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ។
ដោយមើលឃើញថា បច្ចុប្បន្នពិធីរំឭក គុណគ្រូហាក់ត្រូវបានយុវជនភាគច្រើនមើលរំលងដែលនាំឱ្យពិធីនេះ កាន់តែឃ្លាតឆ្ងាយពីសង្គម ហើយពិធីរំឭកគុណគ្រូ និងសំពះគ្រូ គឺជាកាតព្វកិច្ចប្រកបដោយសីលធម៌ជ្រាលជ្រៅ និងជំរុញឱ្យយុវជនជ្រាបពីគុណតម្លៃ និងការខំប្រឹងប្រែងសាបព្រោះចំណេះដឹងរបស់គ្រូបង្រៀនការប្រារព្ធពិធីនេះ មកធ្វើឱ្យអតីតសិស្សកាន់តែយល់ចិត្តគ្នាទៅវិញទៅមក កាន់តែស្វែងយល់ពីលោកគ្រូ អ្នកគ្រូផងដែរ។
តាមគណនី Facebook ឈ្មោះ Meng Choeu ដែលជាអតីតសិស្ស បានឱ្យដឹងថា៖ «លោកគ្រូ អ្នកគ្រូ គឺជាមាតាទី២ របស់សិស្សមួយជីវិត!
កម្មវិធីជួបជុំប្រចាំឆ្នាំរបស់អតីតសិស្សវិទ្យាល័យទួលទំពូងគ្រប់ជំនាន់នារាត្រីថ្ងៃទី១៤/១២/២០១៩ ដើម្បីរឹតចំណងមិត្តភាពគ្នា នឹករលឹកគ្នាកាលនៅរៀនជាមួយគ្នា ជួបជុំគ្នាឡើងវិញ បានរាប់អានគ្នាបន្ត..។ល។ ពិសេសបានឱ្យយើងខ្ញុំជាអតីតសិស្សវិទ្យាល័យទួលទំពូង ទាំងអស់មានឱកាសថ្លែងអំណរគុណ និងរំលឹកគុណ្យលោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាសឹងមួយជីវិតគាត់ ដើម្បីបណ្តុះបណ្តាល និងអប់រំយើងឱ្យទទួលបាននូវចំណេះសព្វបែបយ៉ាង និងទូគ្មានដល់យើងឱ្យទទួលបានភាពថ្លៃថ្នូ ប្រកបដោយគុណធម៌ សុជីវធម៌ និងជាទំពាំងស្នងឫស្សីមួយ ជាយុវជនល្អសម្រាប់រួមចំណែកកាសាងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិយើងទាំងអស់គ្នា»។
អតីតសិស្សភាគច្រើន គឺសិក្សានៅ១៩៩៨ និង១៩៩៩ ដែលក្នុងពិធីនេះ ក៏មានចែកជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន៦២នាក់ ដោយលោកគ្រូ អ្នកគ្រូម្នាក់ៗ ទទួលបានថវិកា ចំនួន៤០ម៉ឺនរៀល បន្ថែមពីនេះ អតីតសិស្សវិទ្យាល័យដែលទទួលបានចំណេះដឹងពីលោកគ្រូ អ្នកគ្រូ កំពុងតែស្វែងរកលោកគ្រូ អ្នកគ្រូចាស់ៗកន្លងទៅបន្ថែមទៀត ដើម្បីអញ្ជើញគាត់មកចូលរួមទាំងអស់គ្នាផងដែរ។
កន្លងទៅអតីតសិស្សវិទ្យាល័យទួលទំពួង បានរៃអង្គាសថវិកា មួយចំនួនដើម្បីជួយដល់សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ ដែលមានគាត់ចាស់ជរា និងមានជំងឺ ជាហូរហែរដល់មិនរំលងទុក្ខធុរៈលោកគ្រូ អ្នកគ្រូណាម្នាក់នោះទេ ឱ្យតែទទួលបានដំណឹងពីទុក្ខលំបាករបស់ពួកគាត់ បន្ថែមពីនេះ អតីតសិស្សទាំងអស់បានរៃអង្គាសថវិកា ដើម្បីជួយដល់អតីតសិស្សដែលជួបប្រទះបញ្ហាមួយចំនួន ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម៕