(កំពង់ធំ)៖ ក្នុងការបន្តចូលរួមជំរុញវប្បធម៌អានរបស់សិស្សានុសិស្ស និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា អគារបណ្ណាល័យស្តង់ដារចំនួន 4 ខ្នង ដែលបានសាងសង់ និងបំពាក់សៀវភៅ និងបរិក្ខាររួចរាល់ ដោយប្រើមូលនិធិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីរសៀលថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2019 ក្រោមអធិបតីភាព លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
ពិធីសម្ពោធនេះប្រារព្ធធ្វើឡើង នៅក្នុងបរិវេណវិទ្យាល័យកំពង់ថ្ម ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីជានិមិត្តរូបនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យទាំង 4 ខ្នងដែលស្ថិតនៅទីតាំងសាលាផ្សេងគ្នារួមមាន បណ្ណាល័យនៅ វិទ្យាល័យ កំពង់ថ្ម , វិទ្យាល័យ ហ៊ុន សែន សណ្តាន់ , វិទ្យាល័យ ហ៊ុន សែន រុងរឿង និងវិទ្យាល័យ ជា ស៊ីម ប្រឡាយ ដែលស្ថិតនៅទឹកដីខេត្តកំពង់ធំ ជាមួយនឹងសម្ភារៈបរិក្ខារបណ្ណាល័យយ៉ាងច្រើន និងសៀវភៅអានប្រមាណជា 12000 ក្បាល។
ចូលរួមជាគណៈអធិបតីក្នុងពិធីនេះផងដែរ រួមមាន លោក ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោក ឃឹម សារិន តំណាងក្រសួងអប់រំ យុវជន និងកីឡា លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោក ទឹម រតនា នាយកសាខា ធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តកំពង់ធំ និងលោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ព្រមទាំង លោកអភិបាល នៃគណៈអភិបាលស្រុកសន្ទុក ស្រុកស្ទោង និងស្រុកសណ្ដាន់ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជនប្រមាណជា 1500 នាក់។
លោក ឃឹម សារិន តំណាងក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានកសាងអគារបណ្ណាល័យជាច្រើនដល់រហូតដល់ 41 ខ្នងនៅទូទាំងប្រទេស ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា។
ប្រាសាក់បានឆ្លើយតបត្រូវនឹងតម្រូវការរបស់ក្រសួង ដែលត្រូវការអគារបណ្ណាល័យស្ដង់ដារដាច់ដោយឡែកនៅតាមសាលារៀននានា ដែលបំពាក់ដោយសៀវភៅ និងសម្ភារៈបរិក្ខារគ្រប់គ្រាន់ ដែលកាលពីមុនសាលារៀនត្រូវយកបន្ទប់នៃអគារសិក្សា ឬអគារទីចាត់ការមួយផ្នែកមកធ្វើជាបណ្ណាល័យ ដែលមានលក្ខណៈតូចចង្អៀតមិនអំណោយផលដល់ការអាន។
លោក ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ ថ្លែងអំណរគុណប្រាសាក់ដែលបានផ្ដល់ជាអគារបណ្ណាល័យរហូតដល់ 7 ខ្នងដល់ទឹកដីខេត្តកំពង់ធំ។
លោកសង្ឃឹមថា សិស្សានុសិស្សទាំងអស់ នៅតាមបណ្ដាសាលារៀនទាំងនេះ នឹងខិតខំរៀនសូត្របង្កើនសមត្ថភាពនិងចំណេះដឹងខ្លួនតាមរយៈការចូលអាននៅក្នុងបណ្ណាល័យក៏ដូចជាការខ្ចីសៀវភៅយកទៅអាននៅផ្ទះ ហើយឯកឧត្ដមក៏បានអំពាវនាវឱ្យសិស្សានុសិស្សត្រូវចេះចូលរួមថែរក្សាបណ្ណាល័យនេះបានល្អគង់វង្សរហូតទៅ។
មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនេះ លោកជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានផ្តល់សមិទ្ធផលអគារបណ្ណាល័យទាំងនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអប់រំ ព្រោះការអភិវឌ្ឍប្រទេសជាតិ គឺផ្អែកទៅលើការអភិឌ្ឍធនធានមនុស្សជាចាំបាច់។
លោកបន្តថា វិស័យមីក្រូហិរញ្ញវត្ថុអាចរីកចម្រើនទៅបានអាស្រ័យលើចំណេះដឹងរបស់អតិថិជន ជាពិសេសចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកជំនួញជួញដូរ ដោយពួកគាត់ត្រូវចេះគិត ចេះពិចារណា ចេះប្រកបរបរ និងចេះប្រើប្រាស់កម្ចីឱ្យបានត្រឹមត្រូវទើបទទួលបានជោគជ័យនិងរីកចម្រើន។ ពេលអតិថិជនទទួលបានបានជោគជ័យ នោះទើបស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលបានជោគជ័យផងដែរ។
ហេតុនេះ យើងត្រូវខិតខំក្រេបយកចំណេះដឹងតាមរយៈការស្ដាប់ គិត សួរ និងសរសេរ (សុ ចិ បុ លិ) ព្រមទាំងការអានផងដែរ ដូចនេះសិស្សានុសិស្ស អាចស្រាវជ្រាវ និងបង្កើនចំណេះដឹងបន្ថែមតាមរយៈ បណ្ណាល័យ នេះ។
លោកក៏បានលើកឡើងផងដែរថា សមិទ្ធផលដែលបានកើតឡើងនៅពេលនេះ គឺកើតឡើងដោយសារសុខសន្តិភាព និងស្ថិរភាពនយោបាយកម្ពុជាយើង ដែលផ្ដល់ឱកាសឱ្យយើងបានរៀនសូត្រ និងប្រកបរបរទទួលទានចិញ្ចឹមជីវិតបានដោយសុខដុមរមនា។ លោកបានផ្ដាំផ្ញើសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព និងត្រូវស្រលាញ់ចូលចិត្តការអាន ដើម្បីអនាគតដ៏ភ្លឺស្វាង៕